លោកស្រី Choi Moonjung នាយិកាប្រចាំប្រទេសនៃការិយាល័យកយកា (KOICA)នៅកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្តោតលើការគាំទ្រ ចំពោះជំនួយក្នុងការលើកកម្ពស់សមត្ថភាព និងគុណភាពនៃសេវាផ្សព្វផ្សាយកសិកម្មនៅកម្ពុជា ទឹកប្រាក់ប្រមាណ១២លានដុល្លារ ហើយគ្រោងអនុវត្តចាប់ពីឆ្នំាំ២០២៥ដល់ឆ្នាំ២០៣០។
បើយោងតាមទីភ្នាក់ងាកយកា ឱ្យដឹងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះថា ជំនួបពិភាក្សារវាងទីភ្នាក់ងារកយកានិងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៣ ខែធ្នូ ចង់បញ្ជាក់ពីការគាំទ្ររបស់ខ្លួននូវជំនួយឥតសំណងប្រមាណ ១២ លានដុល្លារអាមេរិក ដែលគ្រោងអនុវត្តពីឆ្នាំ ២០២៥ ដល់ឆ្នាំ ២០៣០។
តាមរយៈជំនួយនេះ នឹងធ្វើឱ្យមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម មានភាពប្រសើរឡើង ដែលរួមបញ្ចូលទាំងការសាងសង់អគារដែលមានអន្តេវាសិកដ្ឋាន និងឧបករណ៍សម្រាប់ការអនុវត្តក្នុងប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង ព្រមទាំងការបង្កើតកម្មវិធីសិក្សា និងសម្ភារៈបណ្តុះបណ្តាលចាំបាច់នានា ដើម្បីផ្តល់ការអប់រំកម្រិតឧត្តមសិក្សាសម្រាប់ សិស្សានុសិស្សទូទៅ។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ការវិនិយោគលើសមត្ថភាពរបស់ មន្ត្រីកសិកម្មឃុំ គឺមានសារៈសំខាន់ណាស់សម្រាប់ធានាថាកសិករកម្ពុជាទទួលបានចំណេះដឹង និងបច្ចេកវិទ្យាចុងក្រោយបង្អស់របស់កសិកម្ម។ តាមរយៈការផ្តល់សិទ្ធិអំណាចដល់មន្រ្តីជួរមុខទាំងនេះ យើងអាចរួមចំណែកដល់ការបង្កើនផលិតភាពកសិកម្ម ការកែលម្អសន្តិសុខស្បៀង និងការអភិវឌ្ឍន៍ជនបទប្រកបដោយចីរភាព។
លោកស្រី Choi Moonjung នាយិកាប្រចាំប្រទេសនៃការិយាល័យកយកានៅកម្ពុជា បានមានប្រសាសន៍ថា ទីភ្នាក់ងារកយកា តែងតែរួមគ្នាជាមួយរដ្ឋាភិបាលកម្ពុជាសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ ជាក់ស្តែង គម្រោងនេះចូលរួមចំនែកយ៉ាងខ្លាំងក្លា ដល់ការគាំទ្រដល់កម្មវិធីទីពីរនៃកម្មវិធីគោលនយោបាយអាទិភាពកម្ពុជាសម្រាប់វិស័យកសិកម្ម។
លោកស្រីលើកឡើងថា តាងនាមឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ទីភ្នាក់ងារកយកា បានប្តេជ្ញាលើការបំពេញភារកិច្ចរបស់ខ្លួន ដើម្បីពង្រឹងភាពជាដៃគូរវាងប្រទេសទាំងពីរ និងធ្វើឱ្យប្រជាជនកាន់តែជិតស្និទ្ធជាមួយគ្នា។ ទីភ្នាក់ងារកយកា បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍជនបទក្នុងប្រទេសកម្ពុជា ដោយផ្តោតលើការលើកកម្ពស់ជីវភាព និងការបង្កើតប្រាក់ចំណូលកសិកម្ម។ ក្រៅពីគម្រោងដែលមានក្នុងផែនការនេះ បច្ចុប្បន្ន ទីភ្នាក់ងារកយកាបាននិងកំពុងអនុវត្តគម្រោងភូមិសន្តិភាពនៅក្នុងភូមិចំនួន ៣០ នៅភូមិភាគពាយ័ព្យ រួមមាន បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ក្នុងគោលបំណងជំរុញការអភិវឌ្ឍន៍ជនបទប្រកបដោយចីរភាព និងបរិយាប័ន្ន៕ SL