តបតាមការអញ្ជើញរបស់ក្រុមហ៊ុន China Tourism Group Travel Services Corporation Limited (CTG) និងក្នុង “ក្របខ័ណ្ឌនៃឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ ចូលរួមក្នុង ជំនួបពិភាក្សាកម្រិតខ្ពស់ក្នុងកម្មវិធី «Fostering Tourism Growth and Cultural Exchange between China and Cambodia» ដើម្បីពិភាក្សា ផ្លាស់ប្តូរទស្សនៈ និងស្វែងរកយុទ្ធសាស្ត្រកៀរគរវិនិយោគិន និងភ្ញៀវទេសចរចិន នៅតំបន់រដ្ឋបាលពិសេសហុងកុង ប្រទេសចិន ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤។
លោក ហួត ហាក់ ក៏បានចូលជួបពិភាក្សាកម្រិតខ្ពស់ ជាមួយលោក Wang Haimin ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Tourism Group Corporation Limited (CTG) ដែលអញ្ជើញមកពីគណៈមជ្ឈឹមបក្សរដ្ឋធានីប៉េកាំងផ្ទាល់ និងសហការី ដើម្បីស្វែងរកយុទ្ធសាស្រ្តគន្លឹះនិងស៊ីជម្រៅ ដែលជាការបើកទំព័រកិច្ចសហប្រតិបត្តិការថ្មីលើការរៀបចំកញ្ចប់ទស្សនកិច្ច និងជំរុញលំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរកម្ពុជា-ចិន ជាពិសេសប្រជាពលរដ្ឋពីតំបន់រដ្ឋបាលពិសេសហុងកុង តំបន់រដ្ឋបាលពិសេសម៉ាកាវ និងតំបន់ជុំវិញដ៏មានសក្តានុពល ដែលមានប្រជាពលរដ្ឋសរុបជាង ២៣លាននាក់។
តាមរយៈជំនួបពិភាក្សាកម្រិតខ្ពស់ និងស៊ីជម្រៅ ភាគីទាំងពីរ បានឈានដល់ការឯកភាពគ្នាលើការបង្កើតកិច្ចសហប្រតិបត្តិការទេសចរណ៍ថ្មីៗជាច្រើន ដូចជាការរៀបចំបង្កើត ក្រុមការងារអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខានាពេលកន្លងមក ការរៀបចំជំនួបផ្នូរផ្គង ពាណិជ្ជកម្ម, FAM Trip, ការនាំភ្ញៀវលំដាប់ VIP ជាលើកដំបូងតាម Chartered Flight ក្នុងឆ្នាំ២០២៥, ការបង្កើត បិតផលខ្មែរនៅក្នុងផ្សារ China Duty Free Shop។
សូមបញ្ជាក់ថា តាមរយៈជំនួបពិភាក្សាកម្រិតខ្ពស់ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន CTG និងជំនួបផ្សេងៗ ពិតជាបាននាំមក នូវលទ្ធផលជាផ្លែផ្កា និងជាក់ស្តែងជាច្រើន ជាពិសេសគឺកិច្ចសហប្រតិបត្តិថ្មីរវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន CTG ត្រូវបានចាត់ទុកថាមានសារៈសំខាន់ និងទទួលការគាំទ្រជ្រោមជ្រែងពេញទំហឹងពីសំណាក់រដ្ឋាភិបាលចិន ដោយផ្ទាល់។
ការជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន CTG តាមរយៈការដាក់ចេញនូវ ផែនការសកម្មភាពអនុវត្តជាក់ស្តែង យោងអនុស្សរណៈនៃការយោគយល់គ្នា នឹងជួយជំរុញការកៀរគរភ្ញៀវទេសចរ និងវិនិយោគិនចិន មកកម្ពុជាឱ្យកាន់តែច្រើនថែមទៀត ជាពិសេសកៀរគរវិនិយោគិន និងទាក់ទាញទេសចរចិនពី តំបន់រដ្ឋបាលពិសេសហុងកុង ម៉ាកាវ និងតំបន់ជុំវិញ ដែលជាទីផ្សារដ៏មានសក្តានុពលមួយបន្ថែមទៀត។
សូមបញ្ជាក់ជូនបន្ថែមថា ក្រុមហ៊ុន CTG ជាសហគ្រាសរដ្ឋរបស់ចិនដ៏ធំនិងឈានមុខគេ បច្ចុប្បន្នមានអាយុកាល ១០១ឆ្នាំ មានទីស្នាក់ការកណ្តាលនៅទីក្រុងហុងកុង និងមានបុគ្គលិក ៤៣.០០០ នាក់ ព្រមទាំងមានបុត្រសម្ព័ន្ធ រហូតដល់ជាង ៦០០ ក្រុមហ៊ុន ដែលផ្តល់នូវសេវាកម្មចម្រុះចាប់ពីទីភ្នាក់ងារទេសចរណ៍, សណ្ឋាគារ, ការលក់រាយ ដ៏ល្បីដូចជា China Duty Free Shop, នាវាចរទេសចរណ៍, ការវិនិយោគ, អចលនទ្រព្យ និងធ្វើប្រតិបត្តិការ ទេសចរណ៍យ៉ាងទូលំទូលាយក្នុងប្រទេសចិន និងក្រៅប្រទេសមានជាង៣០ ដៃគូ សម្រាប់ទីផ្សារទេសចរអន្តរជាតិ ជាង៨០លាននាក់ក្នុងមួយឆ្នាំ៕