សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលនឹងនៅតែបន្តការគាំទ្រដល់សកម្មភាព និងបេសកកម្មរបស់ វិទ្យាសា្ថនបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ដើម្បីជំរុញការលើកម្ពស់វិស័យស្រាវជ្រាវនៅកម្ពុជាឱ្យកាន់តែទូលាយថែមទៀត។
សម្តេចធិបតី ថ្លែងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារ រវាងសម្តេចជាមួយ លោកស្រី អេវ៉ា មីស្លីវីក (Eva Mysliwiec) ស្ថាបនិក, អតីតសមាជិកក្រុមប្រឹក្សាភិបាល និងជាអតីតនាយិកាប្រតិបត្តិនៃវិទ្យាសា្ថនបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) កាលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងឱកាសនៃជំនួប លោកស្រី អេវ៉ា មីស្លីវីក បានលើកឡើងអំពីវឌ្ឍនភាពនៃបេសកកម្មរបស់ CDRI ដែលផ្តោតលើការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រទៅលើវិស័យជាច្រើនពាក់ព័ន្ធនឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ធាតុចូលផ្នែកគោលនយោបាយដល់រាជរដ្ឋាភិបាល ដើម្បីអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងភាពស័ក្ដិសិទ្ធិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
ទន្ទឹមនឹងនោះ លោកស្រី បញ្ជាក់ថា ទិសដៅអនាគតរបស់ CDRI និងផែនការយុទ្ធសាស្ត្រថ្មីរបស់ CDRI ដែលផ្តោតលើ៖ ការប្រមូល និងវិភាគទិន្នន័យ, ការបោះពុម្ពផ្សាយឯកសារស្រាវជ្រាវ, ការលើកកម្ពស់ការសិក្សា និងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នស្រាវជ្រាវក្នុងតំបន់ និងការផ្តល់ការបណ្តុះបណ្តាល និងវិញ្ញាបនកម្មអំពីការស្រាវជ្រាវ និងការវិភាគ ជាដើម។
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ CDRI ជាង៣ទសវត្សរ៍កន្លងមកនេះ ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
គួរបញ្ជាក់ដែរថា តាមរយៈជំនួបពិភាក្សានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលនឹងនៅតែបន្តការគាំទ្រដល់សកម្មភាព និងបេសកកម្មរបស់ CDRI និងលើកទឹកចិត្តឱ្យ CDRI បន្តចូលរួមសហការជាមួយ ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល និងស្ថាប័នស្រាវជ្រាវនានា ដើម្បីលើកស្ទួយវិស័យស្រាវជ្រាវនៅកម្ពុជា ឱ្យមានការចូលរួមកាន់តែផុសផុល និងរីកលូតលាស់បន្ថែមទៀត៕ អត្ថបទ៖ហ្សាលីន