ស្ពានអាកាស«មរតកតេជោ» តម្លៃជាង៣៦លានដុល្លារ ជំហានទី២ គ្រោងបញ្ចប់អំឡុងខែកុម្ភៈ ឆ្នាំក្រោយនេះ

សង្គម​ និង​សេដ្ឋកិច្ច

ការដ្ឋានសាងសង់ស្ពានអាកាស «មរតកតេជោ» ជំហានទី២  គ្រោងនឹងបញ្ចប់មុនផែនការកំណត់ ពោលគឺនៅក្នុងអំឡុងខែកុម្ភ: ឆ្នាំ២០២៥ ខាងមុខនេះ។នេះបើតាមការឱ្យពីលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមបញ្ជាក់ថា ស្ពានអាកាស «មរតកតេជោ» ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន សាងសង់ឡើងដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រើប្រាស់ថវិកាជាង៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ។

កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ស្ពានអាកាសនេះក៏បានធ្វើពិធីភ្ជាប់ស្ពានអាកាសមរតកតេជោដំណាក់កាលទី២ (ស្ពានអាកាសជាន់ទី១) ផងដែរ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល OCIC និងឧកញ៉ា វ៉ាន់ ឆារស៍ជួន នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ។

គួររម្លឹកថា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ស្ពានអាកាស មរតកតេជោ ជាន់ទី២ ដំណាក់កាលទី១ បានដាក់ឱ្យប្រើប្រាស់ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងដោះស្រាយការកកស្ទះចរាចរបានមួយកម្រិត។ លើសពីនេះ ស្ពានអាកាសនេះនឹងជួយដោះស្រាយបាននៅលំហូរចរាចរណ៍ពីខេត្តកណ្ដាល ឆ្លងកាត់មហាវិថីតេជោហ៊ុន សែន ពីព្រលានយន្តហោះថ្មី ខេត្តកណ្ដាល ចូលមករាជធានីភ្នំពេញនិងទី២ទៀត អាចកាត់បន្ថយបាន នូវការកកស្ទះចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិ១ចូលមករាជធានីភ្នំពេញផងដែរ។

សូមជម្រាបជូនថា  បច្ចុប្បន្នរាជធានីភ្នំពេញមានស្ពានអាកាសចំនួន៩ ដែលកំពុងប្រើប្រាស់ និងស្ថិតក្នុងការសាងសង់រួមមាន ស្ពានអាកាសក្បាលថ្នល់, ស្ពានអាកាស៧មករា, ស្ពានអាកាសស្ទឹងមានជ័យ, ស្ពានអាកាស៥មករា, ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា «ស្ពានអាកាសផ្សារដីហ៊ុយ» ,ស្ពានអាកាសរង្វង់មូលចោមចៅ ,ស្ពានអាកាសឫស្សីកែវ ស្ពានអាកាសមរតកតេជោ និងស្ពានអាកាសភ្លោះ៕