ទីលានទុកដាក់សំរាមក្នុងក្រុងកំពង់ចាម ទំហំជិត ២០ ហិកតា បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ កាលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤។ ទីលានទុកដាក់សំរាមនេះ គឺជាគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់ទន្លេមេគង្គជំហានទី៤ ក្រោមកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នេះ បានធ្វើឡើងក្រោម អធិបតី លោក រស់ វណ្ណា រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកស្រី យូសាណា វ៉ាម៉ា នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។
សូមបញ្ជាក់ថា អនុគម្រោងសាងសង់ទីលានទុកដាក់សំរាមនៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀង៤ប្រើប្រាស់រយ:ពេលសាងសង់ចំនួន១១ខែ ដោយក្រុមហ៊ុន BM Construction & Electric Co.,Ltd ដែលមានទីតាំងស្ថិតក្នុងភូមិកោះរកា ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
គម្រោងនេះ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីសរុបទំហំ ១៨,៦៨ហិកតា ដែលនឹងគ្រោងឱ្យប្រើប្រាស់ដំណាក់កាលដំបូងសម្រាប់រណ្តៅទី១ ក្នុងរយ:ពេល៧ឆ្នាំ(២០២៤-២០៣១) សម្រាប់ប្រជាជនក្នុងក្រុងកំពង់ចាម និងស្រុកដែលនៅក្បែរទីលាននេះ។
តាមការរំពឹងទុក ប្រជាជនប្រមាណ ៨៥% ដែលត្រូវជា ៩០៨,០០០ នាក់នឹងទទួលបានសេវាកម្មនេះរួមមានសង្កាត់បឹងកុក សង្កាត់កំពង់ចាម សង្កាត់សំបួរមាស សង្កាត់វាលវង់ ស្ថិតនៅក្រុងកំពង់ចាម ឃុំអំពិល និងឃុំខែលជ័យ ស្ថិតនៅស្រុកកំពង់សៀម៕ អត្ថបទ៖ ហ្សាលីន