ឆ្នាំ២០២៥ រាជរដ្ឋាភិបាលនឹងដាក់ចេញគោលនយោបាយ និងកញ្ចប់លើកទឹកចិត្តដល់ការវិនិយោគនៅតំបន់ព្រំដែន ពិសេសលើវិស័យកសិ-ឧស្សាហកម្ម

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលនឹងដាក់ចេញគោលនយោយបាយ និងកញ្ចប់លើកទឹកចិត្តដល់ការវិនិយោគនៅតំបន់ព្រំដែន ជាពិសេសការវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម ខណៈសម្តេចក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនវិនិយោគក្នុងស្រុក ស្វែងរកឱកាស និងលទ្ធភាពបណ្ដាក់ទុនឱ្យបានច្រើនបន្ថែមទៀតនៅតំបន់ទាំងនោះផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការថ្លែងបែបនេះរបស់សម្តេចធិបតី នៅក្នុងជំនួបជាមួយសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នាវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួបនោះ សម្ដេចធិបតីបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា ដែលបានចូលរួមបរិច្ចាគថវិកាក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន នាពេលកន្លងមក។

សម្ដេចធិបតីក៏បានគូសបញ្ជាក់ថា ការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ពិសេសផ្លូវក្រវាត់ព្រំដែននេះ គឺជាប្រវត្តិសាស្ត្រមួយដែលមិនត្រឹមតែជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ប៉ុណ្ណោះទេ ថែមទាំងជាខឿនការពារជាតិ, អធិបតេយ្យភាព, បូរណភាពទឹកដី, ជំរុញការអភិវឌ្ឍតំបន់ភូមិភាគឦសាន, និងអនុញ្ញាតឱ្យកូនខ្មែរគ្រប់ជំនាន់បានធ្វើដំណើរដល់ព្រំដែនដែលមិនធ្លាប់បានធ្វើដំណើរទៅដល់ពីមុន។

ឆ្លៀតឱកាសនោះ សម្ដេចធិបតីក៏បានជំរុញ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនវិនិយោគក្នុងស្រុក ស្វែងរកឱកាស និងលទ្ធភាពបណ្ដាក់ទុនឱ្យបានច្រើនបន្ថែមទៀតនៅតំបន់ទាំងនោះ។ ដោយសម្ដេចធិបតីបានសង្កត់ធ្ងន់ថា នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលនឹងដាក់ចេញគោលនយោយបាយ និងកញ្ចប់លើកទឹកចិត្តដល់ការវិនិយោគនៅតំបន់ព្រំដែន ជាពិសេស ការវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម។

បើតាមសម្តេចធិបតីនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពារបូរណភាពទឹកដី និង អធិបតេយ្យភាពមិនឱ្យបាត់បង់ សម្រាប់កូនចៅគ្រប់ជំនាន់ទៅថ្ងៃអនាគត និងបានដាក់ទិសដៅដើម្បីប្រែក្លាយ និងអភិវឌ្ឍតំបន់ព្រំដែននៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសនិយាយជារួម និងតំបន់ព្រំដែនភូមិភាគឦសាននិយាយដោយឡែក ទៅជាព្រំដែនដែលមានសក្ដានុពលសេដ្ឋកិច្ច ដោយផ្តោតលើវិស័យកសិ-ឧស្សាហកម្ម៕