ជប៉ុន នឹងផ្តល់ហិរញ្ញប្បទានឥតសំណង ប្រមាណ ៧,២ លានដុល្លារ ដល់កម្ពុជា សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម»

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទាន ឥតសំណង របស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ១.០០២ លានយ៉េន (ប្រមាណ ៧,២ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ១.០០២ លានយ៉េន (ប្រមាណ ៧,២ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (គម្រោងលើវិស័យនគរូបនីយកម្ម) នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។

បើតាមក្រសួងការបរទេស ហិរញ្ញប្បទានឥតសំណងនេះ គូសបញ្ជាក់ពីការគាំទ្រឥតងាករេរបស់ជប៉ុន ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

បន្ថែមពីនេះ ជំនួយនេះក៏នឹងរួមចំណែកក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយរវាងប្រទេសទាំងពីរផងដែរ។

សូមជម្រាបជូនថា កម្ពុជា-ជប៉ុន កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ក៏ទើបតែបានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធមួយចំនួន ស្តីពីការផ្តល់ហិរញ្ញប្បទាន ឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ១.០០១ លានយ៉េន (ប្រមាណ ៧,២ លានដុល្លារ អាមេរិក) ដល់កម្ពុជាផងដែរ លើកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម៕