កម្ពុជា-វៀតណាម បានសហការរៀបចំវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគរួមគ្នា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថលឱ្យកាន់តែប្រសើរថែមទៀត។វេទិកានេះ រៀបចំដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម, ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំកម្ពុជា និងសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា បានធ្វើឡើង កាលរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។
តំណាងសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា បានលើកឡើងថា វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កលក្ខណៈសម្រាប់វិនិយោគិន និងធុរជនកម្ពុជា និងវៀតណាមក្នុងការបង្កើតទំនាក់ទំនង និងបណ្តាញ ព្រមទាំងពិភាក្សាស្វែងយល់ និងផ្លាស់ប្តូរនូវព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងសក្តានុពល និងកាលានុវត្តភាពធុរកិច្ច និងវិនិយោគនៅប្រទេសកម្ពុជា ពិសេសពាក់ព័ន្ធកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល។
ជាមួយគ្នានេះ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកឡើងពីសារៈសំខាន់នៃពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិកដែលកំពុងវិវឌ្ឍយ៉ាងឆាប់រហ័សនៅក្នុងបរិបទសង្គមនាពេលបច្ចុប្បន្ន និងនិន្នាការសកលនៃយុគសម័យឌីជីថល ហើយបានចូលរួមចំណែកក្នុងការកាត់បន្ថយថ្លៃដើម និងពេលវេលា, បង្កើនការលក់ និងផលិតភាព ព្រមទាំងលទ្ធភាពក្នុងការពង្រីកវិសាលភាពទីផ្សារបានលឿនរហ័ស។
ឆ្លៀតឱកាសនោះ លោក ក៏បានជំរុញដល់វិនិយោគិនវៀតណាមបន្តមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ឬចាប់ដៃគូវិនិយោគជាមួយក្រុមហ៊ុនក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន ជាពិសេសលើវិស័យដែលមានសក្ដានុពលខ្ពស់ដែលអាចតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មនៅប្រទេសវៀតណាម ដូចជា កសិកម្ម និងកសិ-ឧស្សាហកម្ម, កម្មន្តសាលគ្រឿងបង្គុំយានយន្ត និងអេឡិចត្រូនិក, បច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុ, និងឧស្សាហកម្មកម្មន្តសាលដទៃទៀត។
បន្ថែមពីនេះ លោកក៏បានអំពាវនាវដល់វិនិយោគិន និងធុរជនដែលមិនទាន់បានវិនិយោគនៅកម្ពុជាឱ្យអញ្ជើញមកសិក្សាស្វែងយល់បន្ថែមអំពីសក្តានុពលដ៏សម្បូរបែប និងកាលានុវត្តភាពជាច្រើន និងរួសរាន់ធ្វើការសម្រេចចិត្តដើម្បីទាញយកផលប្រយោជន៍ពីការវិនិយោគនៅកម្ពុជា។
សូមបញ្ជាក់ជូនផងដែរថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤ ទុនវិនិយោគរបស់វៀតណាមជាប់ចំណាត់ថ្នាក់ទី៣ ដែលមានទំហំទឹកប្រាក់សរុបប្រមាណ៥៥៧លានដុល្លារអាម៉េរិក៕ អត្ថបទ៖ ហ្សាលីន