សម្តេចធិបតី៖ ការកាត់ក្តីអតីតឧកញ៉ា ស្រី ស៊ីណា ឱ្យជាប់ទោស ៣១ឆ្នាំ និងសំណងជាង ២លានដុល្លារ គឺបង្ហាញពីការអនុវត្តច្បាប់ដ៏ម៉ឹងម៉ាត់

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ចាត់ទុកថា ការកាត់ទោសលើករណីអតីត ឧកញ៉ា ស្រី ស៊ីណា គឺបង្ហាញពីការទទួលខុសត្រូវ និងការអនុវត្តច្បាប់ដ៏ម៉ឹងម៉ាត់ ពិសេសជាសារដ៏សំខាន់សម្រាប់មនុស្សទាំងអស់កុំឱ្យធ្វើទង្វើបែបនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតី “​ប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិក្ខាកាម និងនិស្សិត សាកលវិទ្យាល័យធនធានមនុស្ស” នារាជធានីភ្នំពេញ នៅព្រឹកថ្ងៃ ទី២៦ ធ្នូ​ ២០២៤។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សំណុំរឿងបាញ់ប្រហារ ប្រព្រឹត្តដោយអតីតឧកញ៉ា ឈ្មោះ ស្រី ស៉ីណា ជាករណីដំបូងហើយ ដែលសំណងទឹកប្រាក់មានដល់ទៅជាង ២លានដុល្លារអាមេរិក។

សម្តេចបញ្ជាក់យ៉ាងដូច្នេះថា៖ «លើកនេះ ដូចជាប់ទោស ៣១ឆ្នាំ ហើយត្រូវបង់សំណង ២លានកន្លះ។ លើកទី១ ហើយ ដែលសំណងសម្រាប់ជនរងគ្រោះមួយរូប មួយគ្រួសារ ១លានដុល្លារ»

បើតាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នេះជាការសោកស្តាយ ដែលការបង្កជម្លោះរហូតមានការបាត់បង់ជីវិត ខណៈរឿងលុយមិនអាចយកមកសងជីវិតមនុស្សបាននោះទេ។ ប៉ុន្តែ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត យល់ថា ការកាត់ក្តីនេះ បានបង្ហាញពីការទទួលខុសត្រូវ​ និងការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ ជាពិសេសទោះបីមានងារជាឧកញ៉ាក៏ដោយ ក៏នៅទទួលខុសត្រូវចំពោះមុខច្បាប់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ក្តីសង្ឃឹមថា ការកាត់ទោសមួយនេះ ជាសារសំខាន់សម្រាប់មនុស្សទាំងអស់ កុំឱ្យប្រព្រឹត្តអំពើបែបនេះ ហើយការកាត់ទោសបែបនេះ ក៏ជាការផ្តល់យុត្តិធម៌ដល់សង្គមផងដែរ។

គួរជម្រាបថា ករណីឃាតកម្មបាញ់ប្រហារដ៏រន្ធត់មួយនេះ បានកើតឡើងនៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោរ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ បណ្ដាលឱ្យមនុស្ស ២នាក់ស្លាប់ ដែលជាគូដណ្ដឹងនឹងគ្នា និង២នាក់ផ្សេងទៀតរងរបួស៕