ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែង និងផ្តល់ឋានៈ លោក លី ច័ន្ទតុលា ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងព្រះរាជក្រឹត្យជាមួយគ្នានេះដែរ ព្រះមហាក្សត្រក៏បានត្រាស់បង្គាប់តែងតាំង លោក ប៉ែន ប៊ុនឈា ជាអគ្គលេខាធិការរង មានឋានៈស្មើរដ្ឋលេខាធិការ។
សូមជម្រាបថា លោក លី ច័ន្ទតុលា ជាអតីតប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចំនួន២អាណត្តិ គឺនៅអាណត្តិទី១៣ (២០២០-២០២២) និងអាណត្តិទី១៤ (២០២២-២០២៤)។ ក្រោយចប់អាណត្តិ នៃការកាន់តំណែងពីប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា លោក លី ច័ន្ទតុលា ក៏ទទួលបានការត្រាស់បង្គាប់តែងតាំងមុខតំណែងជា រដ្ឋលេខាធិការ នៃទីស្ដីការគណៈរដ្ឋមន្ដ្រី ដោយព្រះរាជក្រឹត្យលេខ នស/រកត/១១២៤/១៣៧៦ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤៕