ការចិញ្ចឹមបង្កងបែបធម្មជាតិ ក្លាយជាបង្អែកគ្រួសាររបស់កសិកនៅតាមជនបទ

សង្គម​ និង​សេដ្ឋកិច្ច

នៅក្នុងអនុវិស័យវារីវប្បកម្ម ការចិញ្ចឹមបង្កងបែបធម្មជាតិបាននិងកំពុងមានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋ ព្រោះមុខរបរមួយមានឱកាសទទួលបានចំណូលខ្ពស់ បើប្រៀបធៀបទៅនិងមុខរបរផ្សេងទៀតនៅក្នុងវិស័យកសិកម្ម ពិសេសពលរដ្ឋរស់នៅតំបន់ដែលមានសក្តានុពលនិងមានប្រភពទឹកគ្រប់គ្រាន់ បានរៀបចំទីតាំងរបស់ខ្លួនរួចរាល់សម្រាប់ដាក់កូនបង្កងចិញ្ចឹមបន្ត។ ជាក់ស្តែង កសិករម្នាក់ រស់នៅភូមិព្រៃភ្លង ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ ត្រៀមទិញកូនបង្កងដែលគេបានផ្សាំឬចិញ្ចឹមទុកចំនួន១ម៉ឺនក្បាលនាពេលខាងមុខនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម អ្នកស្រី ញ៉េប ថន អ្នកចិញ្ចឹមបង្កងបែបធម្មជាតិរស់នៅភូមិឃុំខាងលើបានឱ្យដឹងថា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ អ្នកស្រីនឹងដាក់កូនបង្កងដែលគេបានផ្សាំទុកលក់ និងចែកចាយទៅតាមតំបន់ ចំនួន១ម៉ឺនក្បាល ដោយក្នុងមួយក្បាលថ្លៃ៣០០រៀល ហើយការដាក់កូនបង្កងវគ្គថ្មីនេះវាមានឱកាសលូតលាស់លឿនជាង និងមិនសូវប្រឈមនិងការខូចខាត ឬងាប់ ដូចទៅនិងពេលមុនៗ។

ទន្ទឹមនិងការដាក់កូនបង្កងចំនួន១ម៉ឺនក្បាលបន្ត ហើយសព្វថ្ងៃនៅមានបង្កងសាច់ផ្គត់ផ្គង់នៅលើទីផ្សារ, អ្នកស្រី ញ៉េប ថន បញ្ជាក់ថា មុខរបរចិញ្ចឹមបង្កងបែបធម្មជាតិនេះ មានឱកាសជួយឱ្យកសិករដែលប្រកបមុខរបរមួយនេះទទួលបានចំណូលខ្ពស់ បើប្រៀបធៀបទៅនិងមុខរបរផ្សេងទៀតនៅក្នុងវិស័យកសិកម្មបែបលក្ខណៈគ្រួសាររស់នៅតាមជនបទ។

បើតាមអ្នកស្រី ញ៉េប ថន បានទទួលស្គាល់ថាការចិញ្ចឹមបង្កងបែបធម្មជាតិបានចំនួន២ដងកន្លងមកនេះធ្លាប់ជួបបញ្ហាខូចខាតកូនបង្កងអស់ជាច្រើនផងដែរ ដោយសារការថែទាំមិនបានដិតដល់។

អ្នកស្រីលើកឡើងថា “មកដល់បច្ចុប្បន្ននេះខ្ញុំបានចិញ្ចឹមបង្កងប្រមូលផលបាន២វគ្គ។វគ្គទី១ដាក់កូនបង្កងចិញ្ចឹមចំនួន៦ ម៉ឺនកូន តែបានផលមិនសូវពេញលេញ ដោយសារការគ្រប់និងការមើលថែនូវមានចន្លោះខ្វះខាត និងវគ្គទី២បានដាក់កូនបង្កងចិញ្ចឹមចំនួន៥ម៉ឺនកូន តែលទ្ធផលទទួលបានល្អ ហើយបាននិងកំពុងបន្តប្រមូលផលលក់ជាបន្តបន្ទាប់”។

អ្នកស្រីបន្តថា ការចិញ្ចឹមបង្កនៅវគ្គទី១ បានចំណាយប្រាក់ទៅលើការទិញកូនបង្កង៦លានរៀលនិងចំណាយទៅលើចំណី រួមនិងចំណាយផ្សេងទៀតអស់ប្រាក់សរុប១៥លានរៀល ហើយវគ្គទី២ចំណាយប្រាក់លើការទិញកូនបង្កងចំនួន៥លានរៀល ហើយផលដែលទទួលក្នុងវគ្គទី១បានចំនួន៥០០គីឡូក្រាមឬស្មើប្រមាណកន្លោះតោន ហើយក្នុងវគ្គទី២ រំពឹងថានឹងបានផលប្រហាក់ប្រហែលនិងវគ្គទី១ផងដែរ៕