ឆ្នាំ ២០២៥ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថាមានកំណើន ៦,៣%

សង្គម​ និង​សេដ្ឋកិច្ច

ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ២០២៥-២០២៧ បានឱ្យដឹងថា ទស្សនវិស័យសេដ្ឋកិច្ចរយៈពេលមធ្យម ឆ្នាំ ២០២៥-២០២៧ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថាស្ថិតក្នុងអត្រាជាមធ្យម ៦,៥% ក្នុងនោះឆ្នាំ ២០២៥ ព្យាករថាមានកំណើន ៦,៣% ក្រោមការរំពឹងទុកនៃនិន្នាការល្អនៃតម្រូវការ សកល និងកំណើនទំនុកចិត្តវិនិយោគិនបរទេស,ស្របពេលដែលលក្ខខណ្ឌហិរញ្ញវត្ថុសកលអាចប្រសើរឡើង ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនេះ ការពង្រឹងការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» និងឆន្ទៈក្នុងការកែទម្រង់ស៊ីជម្រៅ និងមុតស្រួច របស់រាជរដ្ឋាភិបាល នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហារចនាសម្ព័ន្ធ ដែលមាន ភាពប្រទាក់ក្រឡា សំដៅជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការកសាងមូលធនមនុស្ស, ពង្រឹងអភិបាលកិច្ចវិស័យ ឯកជន និងធុរកិច្ច, បង្កើនផលិតភាពផលិតកម្ម, ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទដោយបូកបញ្ចូល នូវហេដ្ឋារចនាសម្ព័ន្ធឌីជីថល ក្នុងការឈានទៅបង្កើត និងចាប់យកវិស័យកំណើនថ្មីដោយផ្អែកលើជំនាញ, បច្ចេក វិទ្យា និងនវានុវត្តន៍ ។

សូមបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាដែលត្រូវបានព្យាករថាមានកំណើន ៦,៣% នៅឆ្នាំ២០២៥ ក្នុងនោះវិស័យឧស្សាហកម្ម ត្រូវបានព្យាករថានឹងមានកំណើនន៨,៦% គាំទ្រដោយការរក្សាបានតុល្យភាពនឌអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈអនុវិស័យសំណង់នៅបន្តមានកំណើនទាបជាងនិន្នាការធម្មតា(មុនវិបត្តិកូវីដ១៩)។

ចំណែកវិស័យសេវាកម្ម ត្រូវបានព្យាករថានឹងមានកំណើន៥,៦% ដោយសារការបន្តរក្សាបានចលនានៃអនុវិស័យបដិសណ្ឋារកិច្ច និងសេវាកម្មម្ហូបអាហារ និងសេវាកម្មទេសចរគាំទ្រផ្សេងទៀត ខណៈដែលអនុវិស័យអចលនទ្រព្យនៅបន្តមានកំណើនទាប។

រីឯវិស័យកសិកម្មវិញ ត្រូវបានព្យាករណ៍ថានឹងមានកំណើន១,១% ដោយសារការរំពឹងទុកនូវកំណើនល្អនៃអនុវិស័យដំណាំ និងចិញ្ចឹមសត្វ និងការងើបសន្សឹមៗនៃអនុវិស័យនេសាទ។

បើយោងលើការវាយតម្លៃ នៃក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈ រយៈពេលមធ្យម របស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជានឹងបន្តនិន្នាការកើនឡើង ដោយរំពឹងថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៣% ដែលធ្វើឱ្យ ផ.ស.ស. ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ជិត ២១០ ពាន់ប៊ីលានរៀល សមមូលនឹងប្រមាណជាង ៥១ ពាន់លានដុល្លារអាមេរិក ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ២ ៩២៤ ដុល្លារអាមេរិក បើធៀបនឹងប្រមាណ ២ ៧១៣ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២៤៕