សម្តេចធិបតី៖សាទរកម្ពុជា គឺជាកម្មវិធីថ្មីមួយទៀត បង្ហាញពីមោទនភាពជាតិ បន្ទាប់ពីខានធ្វើអស់ជាង ៥០០ឆ្នាំ

សង្គម​ និង​សេដ្ឋកិច្ច

“សាទរកម្ពុជា” គ្រោងនឹងប្រារព្វធ្វើឡើងចាប់ពីរសៀលថ្ងៃទី៣១ ធ្នូ រហូតដល់ឆ្លងឆ្នាំសាកល ២០២៥ នៅមុខសួនព្រះបរមរាជវាំង។ ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អះអាងថា សាទរកម្ពុជា គឺជាកម្មវិធីថ្មីមួយទៀត បង្ហាញពីមោទនភាពជាតិ បន្ទាប់ខានធ្វើអស់ជាង ៥០០ឆ្នាំក្នុងប្រវត្ថិសាស្រ្តកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងនៅលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២៤ ថា​ សាទរកម្ពុជា គឺជាកម្មវិធីថ្មីមួយទៀត ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយក្រសួង និងអាជ្ញាធរពាក់ព័ន្ធរៀបចំឡើងដើម្បីបង្ហាញពីមោទនភាពរបស់ប្រជាជនខ្មែរ យុវជន ស្នាមញញឹមមហាគ្រួសារខ្មែរក្រោមម្លប់នៃសុខសន្តិភាព ដែលយើងខកខានអស់រយៈកាលជាង ៥០០ឆ្នាំក្នុងប្រវត្តិសាស្ត្រ ហើយបច្ចុប្បន្នយើងកំពុងទទួលបានសុខសន្តិភាពពេញបរិបូរ និងឱកាសយ៉ាងច្រើនក្នុងការសិក្សារៀនសូត្រ ប្រកបរបររកស៊ី និងថែរក្សាបានវប្បធម៌ និងប្រពៃណីយ៉ាងផូរផង់របស់កម្ពុជា។

សម្តេចធិបតីបន្តថា នៅថ្ងៃទី៣១ ខែធ្នូ ខាងមុខនេះ សូមបងប្អូន អ៊ំពូមីង តាយាយ អញ្ជើញទៅទស្សនានូវផ្ទាំងទស្សនីយភាពជាច្រើន ដែលក្រុមការងារយុវជនបានត្រៀមលក្ខណៈ រៀបចំ និងហាត់សមយ៉ាងសកម្ម ដើម្បីនឹងបង្ហាញជូនសាធារណៈជនអំពីវប្បធម៌ កេរ្តិ៍ដំណែលដូនតាខ្មែរ ពិសេសអាចចូលរួមលេងកម្សាន្ត និងឈ្វេងយល់អំពីសមិទ្ធផលថ្មីៗ និងមោទនភាពចំពោះជាតិយើង។

គួរបញ្ជាក់ដែរថា ដើម្បីប្រារព្ធកម្មវិធីសាទរកម្ពុជា គិតមកដល់ពេលនេះ ត្រូវបានក្រុមការងាររៀបចំយ៉ាងយកចិត្តទុកដាក់ និងជិតរួចរាល់ ១០០% ដើម្បីនឹងដាក់ដំណើរការជូនបងប្អូន អ៊ំពូមីង​ តាយាយទៅទស្សនាកំសាន្ត រីករាយជាមួយមហាគ្រួសារខ្មែរនាថ្ងៃទី៣១ ខែធ្នូ ខាងមុខនេះ ហើយត្រៀមរាប់ថយក្រោយឆ្លងឆ្នាំថ្មី ២០២៥ ផងដែរ៕ ​អត្ថបទ៖ ហ្សាលីន