គិតមកដល់ថ្ងៃទី២៧ ខែធ្នូ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធតាមក្រវ៉ាត់ព្រំដែន សម្រេចលទ្ធផលការងារធំៗចំនួន២

សង្គម​ និង​សេដ្ឋកិច្ច

គិតត្រឹមថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន បានយកចិត្តទុកដាក់អនុវត្តការងាររបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ ដោយបានសម្រេចបានលទ្ធផលការងារធំៗចំនួន២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោយទទួលបានអនុសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បានសម្រេចលទ្ធផល ការងារសំខាន់ៗចំនួន២ រួមមាន៖

១. លទ្ធផលការងារគ្រប់គ្រងមូលនិធិ

-បានបិទដំណើរការទាំងស្រុងនូវគណនីធនាគារផ្សេងៗដែលទទួលថវិកាមូលនិធិ និងរៀបចំរក្សាទុកកញ្ចប់ ថវិកាមូលនិធិក្នុងគណនីធនាគារប្រកបដោយសុវត្ថិភាព និងមានគណនេយ្យភាពត្រឹមត្រូវ។

-បានបង្កើតនូវរបៀបរបបការងារប្រតិបត្តិ សម្រាប់កិច្ចការហិរញ្ញវត្ថុក្នុងដំណើរការគ្រប់គ្រងមូលនិធិ សំដៅ ធានាដល់ការគ្រប់គ្រងថវិកាមូលនិធិឱ្យបានត្រឹមត្រូវ មានការទទួលខុសត្រូវខ្ពស់ ប្រសិទ្ធភាព តម្លាភាព។

-បានចាត់តាំងក្រុមការងារទំនាក់ទំនងសាធារណៈនៃក្រុមការងារចំពោះកិច្ច ក.គ.ម ឱ្យចុះសហការជាក់ស្តែង នៅការដ្ឋានសាងសង់ និងមូលដ្ឋានពាក់ព័ន្ធ ដើម្បីធានាទទួលបានព័ត៌មានស្តីពីលទ្ធផល និងរូបភាព រួចធ្វើ ការផ្សព្វផ្សាយជូនសាធារណជនឱ្យបានជ្រាបជាប់ជាប្រចាំ។

និង ២. ការងារកសាងហេដ្ឋារចនាសម្ព័ន្ធ

-ការងារបោសសម្អាតមីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះ សម្រេចបានលើផ្ទៃដីទំហំ ១.៤៦២.៥០០ម៉ែត្រការ៉េ ដោយ ក្នុងនោះ នៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី សម្រេចបានផ្ទៃដីទំហំ ១.២២៥.០០០ម៉ែត្រការ៉េ និងនៅក្នុង ភូមិសាស្ត្រខេត្តរតនគិរី សម្រេចបានផ្ទៃដីទំហំ ២៣៧.៥០០ម៉ែត្រការ៉េ ដែលជាលទ្ធផលក្នុងការរាវរក គឺ បានរកឃើញគ្រាប់គ្រប់ប្រភេទ ចំនួន ២៣គ្រាប់ ក្នុងនោះមានគ្រាប់ប្រភេទប៊ុមប៊ី ឬគ្រាប់បែកចង្កោម ចំនួន ៦គ្រាប់។

នៅក្នុងការងារបោសសម្អាតមីននេះដែរ ក្នុងនោះការការងារឈូសឆាយបើកមុខទទឹង ៥ម៉ែត្រ សម្រាប់រកផ្លូវខ្សែដំបូង សម្រេចបានប្រវែង ៥៨,៥គីឡូម៉ែត្រ (ខេត្តមណ្ឌលគិរី សម្រេចបានប្រវែង ៤៩គីឡូម៉ែត្រ, ខេត្តរតនគិរី សម្រេចបានប្រវែង ៩,៥គីឡូ ម៉ែត្រ)។ការងារឈូសផ្លូវទទឹង ២០ម៉ែត្រ សម្រាប់រកអ័ក្សផ្លូវ លុបជ្រលងអូរ បន្ទាបចំណោទភ្នំ សម្រេចបានប្រវែង ៣៦,៦០គីឡូម៉ែត្រ (ខេត្តមណ្ឌលគិរី សម្រេចបានប្រវែង ២៧,៩០គីឡូម៉ែត្រ, ខេត្តរតនគិរី សម្រេចបានប្រវែង ៨,៧គីឡូម៉ែត្រ)។ ធ្វើប្រឡាយ សម្រេចបានប្រវែង ៣០,២០គីឡូម៉ែត្រ(ខេត្តមណ្ឌលគិរី សម្រេចបានប្រវែង ២២,៦០ គីឡូមែត្រ, ខេត្តរតនគិរី សម្រេចបានប្រវែង ៧,៦០គីឡូមែត្រ)។

ជាមួយគ្នានេះ កសាងតួផ្លូវ និងចិតជញ្ជាំងភ្នំ សម្រេចបានប្រវែង ២៥គីឡូម៉ែត្រ(ខេត្តមណ្ឌលគិរី សម្រេច បានប្រវែង ២២គីឡូម៉ែត្រ, ខេត្តរតនគិរី សម្រេចបានប្រវែង ៣គីឡូម៉ែត្រ)ក្រាលល្បាយកំទេចថ្មស្ថាពរ សម្រេចបានប្រវែង ១០,២០គីឡូម៉ែត្រ (ខេត្តមណ្ឌលគិរី)។

ជុំវិញរឿងនេះ ក្រុមការងារចំពោះកិច្ច និងកងវិស្វកម្ម នៅតាមការដ្ឋានស្ថាបនាផ្លូវក្រវាត់ព្រំដែន បានប្តេជ្ញាខិតខំបំពេញការងារ ដោយការទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចឱ្យបានតាមផែនការកសាងផ្លូវក្រវាត់ព្រំដែនជាប្រវត្តិសាស្ត្រនេះ៕ អត្ថបទ៖ ហ្សាលីន