ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យសម្រេចឱ្យបង្កើតស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេជាផ្លូវការហើយ។នេះបើយោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាល ដែលផ្សាយចេញនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៤។
នៅក្នុងអនុក្រឹត្យនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចឱ្យបង្កើតស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យ ទីម័រឡេស្តេ ដែលមាននិវេសនដ្ឋាន នៅទីក្រុងឌីលី។
សម្តេចបន្តថា ស្ថានឯកអគ្គរាជទូតនេះ ត្រូវដឹកនាំដោយប្រធានបេសកកម្ម ០១រូប ដែលមានឋានៈជាឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាព។ចំពោះសមាសភាពមន្ត្រីការទូតផ្សេងទៀត មន្ត្រីបច្ចេកទេស និងបុគ្គលិកសេវា សម្តេចថា នឹងត្រូវកំណត់តាមតម្រូវការ នៃការងារជាក់ស្តែង។
ដោយឡែក ចំពោះប្រព័ន្ធហិរញ្ញវត្ថុសម្រាប់មន្ត្រីការទូត មន្ត្រីបច្ចេកទេស និងបុគ្គលិកសេវា នៃស្ថានឯកអគ្គរាជទូតនេះ សម្តេចថា ត្រូវស្ថិតនៅក្នុងប្រភេទ “ខ”។
តាមរយៈអនុក្រឹត្យខាងល ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ក៏បានណែនាំដល់រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕ អត្ថបទ៖ ហ្សាលីន