ធនាគារជាតិនៃកម្ពុជា បានសម្ពោធជាផ្លូវការនៃការប្រែក្លាយមណ្ឌលសិក្សាបច្ចេកទេសធនាគារ ទៅជាវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ និងសម្ពោធអគារអន្តេវាសិកដ្ឋាន នៃវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ ។


លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធកាលពីរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។
លោកស្រី ជា សិរី បានមានប្រសាសន៍ថា៖ មណ្ឌលសិក្សាបច្ចេកទេសធនាគារត្រូវបានបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជានៅអំឡុងឆ្នាំ១៩៩៤។ ដំបូងឡើយ មណ្ឌលសិក្សាមានទីតាំងស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងបានទទួលនិស្សិតក្រៅប្រព័ន្ធមកបណ្តុះបណ្តាលថ្នាក់ប្រកាសនីយបត្រជាន់ខ្ពស់បច្ចេកទេសធនាគាររយៈពេល ២ ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩៥ មក។ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ មណ្ឌលសិក្សាបច្ចេកទេសធនាគារបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនជាបន្តបន្ទាប់ ដោយបានផ្លាស់ប្តូរទៅទីតាំងថ្មីនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
នៅខែតុលា ឆ្នាំ២០២៤ មណ្ឌលសិក្សានេះត្រូវបានអនុញ្ញាតឱ្យប្រែក្លាយទៅជាវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ តាមរយៈអនុក្រឹត្យលេខ ២២៨ អនក្រ.បក ដោយជោគជ័យ។ ក្រោមក្របខ័ណ្ឌនៃអនុក្រឹត្យនេះ វិទ្យាស្ថានមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង លើមុខជំនាញគ្រប់គ្រងធនាគារ ហិរញ្ញវត្ថុ និងសេដ្ឋកិច្ច។

ជាមួយគ្នានេះ ដើម្បីសម្រួលនិងលើកទឹកចិត្តដល់និស្សិតដែលមានជីវភាពខ្វះខាត និងនិស្សិតដែលមកពីតាមបណ្តាខេត្ត ឬទីតាំងឆ្ងាយដែលពិបាកក្នុងការធ្វើដំណើរ ធនាគារជាតិនៃកម្ពុជា ក៏បានសាងសង់អគារអន្តេវាសិកដ្ឋាន ដែលស្ថិតនៅក្នុងបរិវេណជាមួយអគារវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ សម្រាប់និស្សិតស្នាក់នៅបណ្តោះអាសន្ន។
គិតមកដល់ពេលបច្ចុប្បន្ន វិទ្យាស្ថានបានទទួលបណ្តុះបណ្ដាលនិស្សិតថ្នាក់ប្រកាសនីយបត្រជាន់ខ្ពស់លើជំនាញធនាគារបានចំនួន ៣៣ជំនាន់ ដែលមាននិស្សិតសរុបចំនួន ៣.១៧៥រូប ក្នុងនោះនិស្សិតស្រីមានចំនួន ១.៩៩៧រូប និងមានសាស្រ្តាចារ្យសរុបចំនួន ៦៥រូប៕





