របាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា ចេញផ្សាយនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៤បានឱ្យដឹងថា៖កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានចំនួន ៨៥ ម៉ឺនតោន (៨៥០ ០០០) កើនឡើង២៦.៨% ក្នុងនោះនាំចេញទៅក្រៅប្រទេសចំនួនជាង ៨១ ម៉ឺនតោន គិតជាទឹកប្រាក់ ១,១៥០ ពាន់លានដុល្លារកើនឡើង៣១% ធៀបនឹងឆ្នាំ ២០២៣ ដែលមានទឹកប្រាក់ត្រឹមតែ ៨៣៧ លានដុល្លារ។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជាមានផ្ទៃដីប្រមូលផលស្វាយចន្ទីសរុបចំនួនជាង ៥៨ ម៉ឺនហិកតា (៥៨០ ១១៧) ក្នុងនោះខេត្តចំនួន ១០ របស់កម្ពុជា មានផ្ទៃដីដាំដុះស្វាយចន្ទីច្រើនជាងគេរួមាន ខេត្តកំពង់ធំជិត ១៥ ម៉ឺនហិកតា (១៤៧ ៧០៣) ខេត្តក្រចេះ ជាង ១០ ម៉ឺនហិកតា (១០២ ៥២០) រតនគិរី ៩៧ ២៥៨ ហិកតា កំពង់ចាម ៤៦ ៥៨២ ហិកតា ស្ទឹងត្រែង ៤៤ ២៥០ ហិកតា ខេត្តត្បូងឃ្មុំ ៣៦ ៤០៣ ហិកតា ខេត្តសៀមរាប ៣៥ ៩១៤ ហិកតា ខេត្តព្រះវិហារ ២៨ ៩៦៥ ហិកតា ឧត្តរមានជ័យ ១៣ ៨១៨ ហិកតា និងមណ្ឌលគិរី ៩ ៨៥៨ ហិកតា។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានលើកឡើងថា៖ កត្តាដែលនាំឱ្យការនាំចេញស្វាយចន្ទីកើនឡើង ដោយសារសមាគមបានអំពាវនាវឱ្យសមាជិកសមាគមស្វាយចន្ទីកម្ពុជាទូទាំងប្រទេសហាលគ្រាប់ទុកក្នុងពេលដែលតម្លៃធ្លាក់ចុះកាលពីដើមឆ្នាំនេះ។
ប្រធានសមាគមស្វាយចន្ទីកម្ពុជា មានសុទិដ្ឋិនិយមថា នៅឆ្នាំ ២០២៥ខាងមុខនេះ ការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីកែច្នៃកម្ពុជា ត្រូវបានរំពឹងថា នឹងមានចំនួនកើនលើសជាងឆ្នាំ ២០២៤ ដោយសារមានក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីកម្រិតស្តង់ដារអន្តរជាតិជាច្រើន នឹងចាប់ផ្តើមបើកដំណើរការជាបន្តបន្ទាប់។
ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបន្តថា បន្ទាប់ពីគ្រាប់ស្វាយចន្ទីកម្ពុជា ត្រូវបាននាំចេញទៅកាន់ប្រទេសចិន, ជប៉ុន និងកូរ៉េខាងត្បូង រួចហើយនោះ គ្រាប់ស្វាយចន្ទីកម្ពុជា ដែលបានកែច្នៃរួចត្រូវនាំចេញជាផ្លូវការលើកដំបូងទៅកាន់ទីផ្សារសហគមន៍អ៊ឺរ៉ុបចំនួន ២៥០តោន តាមរយៈក្រុមហ៊ុន MIRARTH Agri Tech Co Ltd របស់ជប៉ុន ដែលមានរោងចក្រនៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ៕