រដ្ឋមន្រ្តីឧស្សាហកម្ម៖ ជ័យលាភីអាហារូបករណ៍អូស្ត្រាលីត្រូវមានផ្នត់គំនិត «បម្រើ និងតបស្នងជាតិមាតុភូមិ»

សង្គម​ និង​សេដ្ឋកិច្ច

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបសំណេះសំណាលជាមួយជ័យលាភីអាហារូបករណ៍អូស្ត្រាលី នៅទីស្តីការក្រសួង នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក បានកោតសរសើរដល់ជ័យលាភីទាំង ៣៨ រូប ដែលបានទទួលអាហារូបករណ៍នេះ និងសង្កត់ធ្ងន់ថា ការអភិវឌ្ឍធនធានមនុស្សនៅតែជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល។ លោកបានទឹកចិត្តឱ្យជ័យលាភីទាំងអស់ ​ត្រឡប់​មក​កម្ពុជាវិញ ​ក្រោយ​បញ្ចប់​ការ​សិក្សា ​ដើម្បី​​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍប្រទេស។

លោកបានណែនាំថា៖ “គោលដៅរបស់ប្អូនៗគួរតែ «បម្រើ និងតបស្នងជាតិមាតុភូមិ» ទោះក្នុងទម្រង់ណាក៏ដោយ (មិនថាក្នុងជួររាជរដ្ឋាភិបាល វិស័យឯកជន ឬអង្គការមិនមែនរដ្ឋាភិបាលទេ) ដើម្បីបង្កើតផលសាយភាយ (Multiplier effect) នៃការរួមចំណែករបស់ប្អូនៗ។ ហើយសូមចងចាំថា ប្អូនៗមានរាជ​រដ្ឋាភិបាល មានប្រជាជន និង​ប្រទេស​ជាតិនេះ ដែល​កំពុង​រង់ចាំ​ការ​ចូល​រួម​ចំណែក​របស់​ប្អូនៗ។”

រដ្ឋាភិបាលអូស្ត្រាលីបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅបន្តការសិក្សាលើមុខជំនាញផ្សេងៗជាច្រើន ហើយឆ្នាំនេះគឺជាខួបទី៣០ នៃកម្មវិធីអាហារូបករណ៍អូស្ត្រាលីនៅកម្ពុជា។ រហូតមកដល់ពេលនេះ កម្មវិធីអាហារូបករណ៍អូស្ត្រាលីបានផ្តល់ឱកាសដល់និស្សិតកម្ពុជាជាង ១.០០០នាក់ ទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី៕