លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើទៅកាន់ទូតរុស្ស៊ីរិះរកវិធីសាស្រ្តនានា ដើម្បីជំរុញការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរបន្ថែមទៀត។
ការជំរុញនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា កាលពីចុងសប្តាហ៍។
នាឱកាសនោះ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងកោតសរសើរចំពោះតួនាទីដ៏សកម្មរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការពង្រឹង ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងរុស្ស៊ី។
ទន្ទឹមគ្នានេះ លោក ប្រាក់ សុខុន បានថ្លែងកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចសហ ប្រតិបត្តិការប្រកបដោយផ្លែផ្កាដែលមានស្រាប់ ដូចជាលើវិស័យអប់រំ វប្បធម៌ សុខាភិបាល ក៏ដូចជា ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ព្រមទាំងបានលើកទឹកចិត្តឯកឧត្តមឯកអគ្គរដ្ឋទូតរិះរកកាលានុវត្ត ភាពផ្សេងទៀត ដើម្បីលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរផងដែរ។
សូមបញ្ជាក់ដែរថា តាមរយៈជំនួបខាងលើនេះ កម្ពុជា-រុស្ស៊ី ក៏បានផ្តោតកិច្ចពិភាក្សា លើលទ្ធភាពក្នុងការកោះប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស (IGC) និងកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាង ក្រសួងការបរទេសទាំងពីរ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាពី បញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលមានផលប្រយកជន៍រួមថែមទៀត៕ អត្ថបទ៖ ហ្សាលីន