គិតត្រឹមរយៈពេល១២ ខែ ក្នុងឆ្នាំ២០២៤ មានរថយន្តដឹកជញ្ជូនទំនិញធុនធ្ងន់ចំនួន ២ ០៥០ គ្រឿង ត្រូវបានពិន័យ ចំនួននេះថយចុះ ១០% បើប្រៀបធៀបទៅនឹងចំនួនរថយន្តកាលពីឆ្នាំ ២០២៣ កន្លងទៅ។នេះបើយោងតាមរបាយការណ៍ពី ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីចុងសប្តាហ៍។
លោក សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រយៈពេល ១២ខែ ឆ្នាំ២០២៤ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ រថយន្ត ចំនួន ៣ ១៥១ ៦០៣ គ្រឿង ត្រូវបានត្រួតពិនិត្យ ក្នុងនោះ រថយន្តដែលបានពិន័យមានចំនួន ២ ០៥០ គ្រឿង ដែលមានការថយចុះ ១០% ប្រសិនប្រៀបធៀបទៅនឹងចំនួនរថយន្តនៅក្នុងឆ្នាំ ២០២៣ ដែលបានពិន័យចំនួន ២ ២៤៧ គ្រឿង។
ទន្ទឹមគ្នានេះ លោកក៏បានណែនាំដល់មន្រ្តីនៅតាមស្ថានីយត្រូវពង្រឹងសាមគ្គីភាពគ្នាក្នុងស្ថានីយ គោរពវិន័យ និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន ត្រូវមានវត្តមានជាប្រចាំនៅស្ថានីយ ត្រូវរៀបចំសកម្មភាពចុះត្រួតពិនិត្យយានយន្តដឹកធ្ងន់ៗនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
លើសពីនេះ លោកក៏ស្នើឱ្យមន្រ្តីនៅតាមស្ថានីយទាំងអស់ ត្រូវរាយការណ៍មកថ្នាក់ដឹកនាំ ដើម្បីចាត់វិធានការជាបន្ទាន់ និងត្រូវសហការឱ្យបានល្អជាមួយក្រុមចល័តក្រសួង ព្រមទាំងស្ថានីយទាំងអស់ ជាពិសេសការឆ្លើយតបជាមួយអ្នកសារព័ត៌មានគ្មានវិជ្ជាជីវៈ ដែលតែងតែផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានមូលដ្ឋានច្បាស់លាស់ ឱ្យបានទាន់ពេលវេលា និងប្រសិទ្ធភាពខ្ពស់ផងដែរ៕ អត្ថបទ៖ ហ្សាលីន