ភ្នំពេញ ៖ រដ្ឋាភិបាលបានបន្តឧបត្ថម្ភសាច់ប្រាក់ដល់កម្មករនិយោជិតដែលព្យួរការងារដោយសារជំងឺកូវីដ១៩ជាបន្តបន្ទាប់ដើម្បីជួយសម្រាលបន្ទុកក៏ដូចជាដោះស្រាយជីវភាពប្រចាំថ្ងៃជួនដល់បងប្អូនកម្មករ។
ជាក់ស្តែងនៅថ្ងៃទី១៦ធ្នូនេះ រដ្ឋាភិបាលតាមរយៈក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានផ្តល់ប្រាក់ឧបត្ថម្ភលើកទី៤១ ជូនបងប្អូនកម្មករនិយោជិតសរុបចំនួន ២ ២៣៦ នាក់ នៅរោងចក្រ សហគ្រាសចំនួន ១២ ក្នុងវិស័យកាត់ដេរ។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលចុះនៅសៀលថ្ងៃទី១៦ធ្នូនេះបានឲ្យដឹងថាចំពោះប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃ នៃការព្យួរកិច្ចសន្យាការងារក្នុងនោះ១៥២០០០រៀលស្មើនឹង៣៨ដុល្លារសម្រាប់ព្យួរមានរយៈពេលចាប់ពី២១ថ្ងៃដល់៤៤ថ្ងៃ។ ២២៨០០០រៀលស្មើនឹង៥៧ដុល្លារអាមេរិកសម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល៤៥ថ្ងៃនិង៣០៤០០០រៀលស្មើនឹង៧៦ដុល្លារសម្រាប់ការព្យួរមានរយៈពេលចាប់ពី៥១ថ្ងៃឡើងទៅ។
ក្រសួងបានរំលឹកថា ធនាគារឯកទេសវីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះ ជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូនខកខានមិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល១០ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរសព្ទពីធនាគារឯកទេសវឹង។
ក្រសួងបានបញ្ជាក់ថា ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនិងទូរសព្ទដែលទទួលបានសារនោះទៅកាន់ភ្នាក់ងារវីង ដែលនៅជិតបំផុតហើយមិនតម្រូវឲ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយពេលបើកប្រាក់ឧបត្ថម្ភនេះ។
ក្នុងករណីបងប្អូនកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រ សហគ្រាស ទាំងនោះមិនបានទទួលសារទូរសព្ទពីធនាគារឯកទេសវីង នោះត្រូវធ្វើទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួន ទៅរដ្ឋបាលរោងចក្រសហគ្រាសរបស់ខ្លួនជាបន្ទាន់៕
ប្រភព៖ កម្ពុជាថ្មី