ក្រសួងពាណិជ្ជកម្ម បានស្នើទៅកាន់វិនិយោគិន សមាជិក សហគ្រិនវ័យក្មេង បន្តអភិវឌ្ឍសមត្ថភាព ដើម្បីជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរ។នេះបើយោងតាមប្រសាសន៍របស់លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើក “ទិវាសហគ្រិនភាពកម្ពុជា ឆ្នាំ២០២៤” នាកាលព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។

នាឱកាសនោះ លោកស្រី ចម និម្មល បានថ្លែងសរសើរចំពោះសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) និងអង្គការបណ្តាញសហគ្រិនសកលកម្ពុជា (GEN Cambodia) ដែលបានសហការរៀបចំទិវាប្រកបដោយអត្ថន័យនេះឡើង និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានជាច្រើនរបស់ សមាគម ក្នុងរយៈពេលជាង១៥ឆ្នាំមកនេះ ព្រមទាំងការចូលរួមចំណែកយ៉ាងសំខាន់របស់សមាគមក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
លោកស្រី បានគូសបញ្ជាក់ថា សហគ្រិនវ័យក្មេង ប្រកបដោយថាមវន្ត និងវិស័យឯកជន ដែលរឹងមាំ គឺជាតួអង្គដែលមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ព្រោះសហគ្រិន ម្ចាស់អាជីវកម្ម និងវិស័យឯកជន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចកម្ពុជាយើង។
ទន្ទឹមគ្នានេះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរូបនេះ បានស្នើឱ្យវិនិយោគិន សមាជិក សហគ្រិនវ័យក្មេង សហគ្រាសធុនមីក្រូ តូច និងមធ្យម បន្តអភិវឌ្ឍសមត្ថភាព និងឯកទេសនីយកម្មរបស់ខ្លួន ដោយត្រូវតាមឱ្យទាន់ការវិវត្តន៍របស់វិទ្យាសាស្រ្ត បច្ចេកវិទ្យា សេដ្ឋកិច្ច-សង្គម ដែលមានការប្រែប្រួលយ៉ាងឆាប់រហ័ស ការប្រកួតប្រជែង ក្នុងយុគ្គសម័យឌីជីថល។ លើសពីនេះ ចាំបាច់ត្រូវរួមសហការគ្នាចាប់យកនូវកាលានុវត្តភាពជាសក្តានុពល ដើម្បីជំរុញកំណើនសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងលើកកម្ពស់សុខមាលភាពសង្គមឱ្យកាន់តែប្រសើរ។

គួរបញ្ជាក់ដែរថា “ទិវាសហគ្រិនភាពកម្ពុជា ឆ្នាំ២០២៤នេះ គឺបានសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់សហគ្រិនវ័យក្មេង ក្នុងការបង្កើតការប្រកួតប្រជែងលើអាជីវកម្ម ពាណិជ្ជកម្មប្រកបដោយការច្នៃប្រឌិត បណ្តុះនូវឯកទេសនិងជំនាញជាក់លាក់ ក្តាប់បាននូវឱកាសថ្មីៗនៃការធ្វើធុរកិច្ចនិងវិនិយោគ ជាពិសេសការធ្វើការពាណិជ្ជូបនីយកម្មឌីជីថល។
ក្រសួងស្ថាប័នពាក់ព័ន្ធ ដែលចូលវេទិកានេះ អះអាងថា វេទិកានេះ នឹងផ្តល់សារៈសំខាន់ ទាំងលើការចែករំលែកព័ត៌មាន បទពិសោធន៍ល្អៗពីវាគ្មិននិងតួអង្គពាក់ព័ន្ធ ព្រមទាំងកសាងនូវបណ្តាញទំនាក់ទំនងគ្នាកាន់តែប្រសើរ ដល់អ្នកចូលរួមទាំងអស់ផងដែរ៕ អត្ថបទ៖ ហ្សាលីន

