ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើទៅកាន់ក្រុមហ៊ុនសៀងហៃគ្រុប សិក្សាលម្អិតបន្ថែមទៀតនូវមូលហេតុ និងដំណោះស្រាយឱ្យមានភាពប្រសើរនៅលើទីតាំង កន្លែងដែលរអិល ដែលបានកើតឡើងលើមហាវិថី ស៊ី ជីនពីង ឬផ្លូវក្រវាត់ក្រុងទី៣ ឱ្យមានប្រសិទ្ធភាព ដើម្បីបញ្ចៀសគ្រោះថ្នាក់ និងធានាសិវត្ថិភាពដល់អ្នកដំណើរ។
ការស្នើនេះ ត្រូវបានធ្វើឡើងនៅក្នុងដំណើរបានចុះពិនិត្យស្ថានភាពមហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣) និងផ្លូវជាតិលេខ៣ របស់មន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ដែលដឹកនាំដោយលោក ហេង រត្នពិសិដ្ឋ និង លោក ហ៊ាង វុត្ថា អគ្គនាយក នៃក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយ លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល កាលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។
ភាគីពាក់ព័ន្ធខាងលើ បានចុះពិនិត្យស្ថានភាពមហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣) ដែលមានបញ្ហារអិលពេលភ្លៀងរលឹម និងគ្រោះថ្នាក់ចរាចរណ៍ និងចុះពិនិត្យផ្លូវជាតិលេខ៣ ត្រង់ទីតាំងគីឡូម៉ែត្រ២៧ ដែលបណ្តាញសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសង្គម បានផ្សាយកាលពី រសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ អំពីអ្នកបើកបរទោចក្រយានយន្តមួយចំនួនបានរអិលដួលពេលធ្វើដំណើរក្នុងពេលភ្លៀងរលឹម។
ក្រោយពីបានពិនិត្យ និងពិភាក្សាពីភាគីពាក់ព័ន្ធ ក្រុមការងារជំនាញ ស្នើសុំឱ្យក្រុមហ៊ុនសៀងហៃគ្រុប សិក្សាលម្អិតបន្ថែមទៀតនូវមូលហេតុ និងដំណោះស្រាយឱ្យមានភាពប្រសើរនៅលើទីតាំង កន្លែងដែលរអិលលើមហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣) ដោយបន្ថែមការឆូតឱ្យមានភាពគ្រើមជាងមុន និងបន្ថែមស្លាកសញ្ញាឱ្យអ្នកបើកបរប្រុងប្រយ៍ត្នជាមុន ពេលធ្វើដំណើរដល់ចំណុចខាងលើ ។
ម៉្យាងទៀតស្នើសុំឱ្យមន្ទីរសារធារណការ និងដឹកជញ្ជូន សហការជាមួយនគរបាលចរាចរណ៍ លើទិន្ន័យមូលហេតុគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតមានឡើងលើមហាវិថីស៊ី ជីនពីង ក្នុងឆ្នាំ២០២៤ ដើម្បីមានមូលដ្ឋានសិក្សាមូលហេតុដែលកើតមានគ្រោះថ្នាក់ចរាចរណ៍ និងវិធានការការពារ។
ដោយឡែក ចំពោះបញ្ហាផ្លូវជាតិលេខ៣ ដែលរអិលត្រង់ទីតាំងគីឡូម៉ែត្រ២៧ ក្រុមការងារបច្ចេកទេស ក៏បានពិនិត្យលើផ្ទៃផ្លូវ ពុំមានអ្វីគួឱ្យកត់សម្គាល់ឡើយ តែក្រុមការងារជំនាញ និងចុះពិនិត្យតាមដានបន្តទៀត រួមទាំងបានណែនាំឱ្យមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ពិនិត្យ និងសម្អាតផ្លូវជាប្រចាំ ដើម្បីធានាសុវត្ថិភាពសម្រាប់ការបើកបររបស់ប្រជាពលរដ្ឋលើកំណាត់ផ្លូវជាតិនេះ៕ អត្ថបទ៖ ហ្សាលីន