១៦ឆ្នាំកន្លងមក តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុទាក់ទាញក្រុមហ៊ុនចំនួន ២០២ មកពីជាង ១០ ប្រទេស បង្កើតការងារជាង ៣០.០០០កន្លែង

សង្គម​ និង​សេដ្ឋកិច្ច

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលវិនិយោគ និងសាងសង់ដោយក្រុមហ៊ុនចិនក្នុងរយៈពេល ១៦  ឆ្នាំកន្លងមក បានទាក់ទាញក្រុមហ៊ុនចំនួន ២០២ មកពីជាង ១០ ប្រទេស បានបង្កើតឱកាសការងារជាង ៣០.០០០ សម្រាប់ប្រទេសកម្ពុជា ហើយបរិមាណនាំចូល និងនាំចេញប្រចាំឆ្នាំរបស់ខ្លួនមានចំនួន ៧% នៃចំនួនសរុបរបស់កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះជាការលើកឡើងរបស់លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី៣០ ខែធូ ឆ្នាំ២០២៤​ក្នុងដំណើរទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

លោក Wang Wenbin បានឱ្យបញ្ជាក់ដូច្នេះថា «ខ្ញុំរីករាយណាស់ដែលបានមកទស្សនាតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលវិនិយោគ និងសាងសង់ដោយក្រុមហ៊ុនចិន។  ក្នុងរយៈពេល ១៦  ឆ្នាំកន្លងមក តំបន់ពិសេសបានទាក់ទាញក្រុមហ៊ុនចំនួន ២០២ មកពីជាង ១០ ប្រទេស បានបង្កើតឱកាសការងារជាង ៣០.០០០ សម្រាប់ប្រទេសកម្ពុជា ហើយបរិមាណនាំចូល និងនាំចេញប្រចាំឆ្នាំរបស់ខ្លួនមានចំនួន ៧% នៃចំនួនសរុបរបស់កម្ពុជា។  វិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា ចិន ខេត្តព្រះសីហនុ ដែលបង្កើតឡើងដោយជំនួយរដ្ឋាភិបាលចិនបានបណ្តុះបណ្តាលនិស្សិតកម្ពុជាចំនួន ៤.៥០០ នាក់ ។

លោកបន្តថា ឯកឧត្តម Xi Jinping ប្រធានាធិបតីចិន បានកោតសរសើរ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ  ជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា។  សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា ចាត់ទុកតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដូចជាកូនបង្កើតរបស់សម្ដេចដែលសម្ដេចបង្កើតមកដោយផ្ទាល់ដៃ។  ខ្ញុំសូមជូនពរឱ្យតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកាន់តែប្រសើរឡើង និងក្លាយជាគំរូនៃការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់នៃកិច្ចសហប្រតិបត្តិការចិន-កម្ពុជា។»

សូមជម្រាបជូនថា ខេត្តព្រះសីហនុ សម្រេចបានផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់លើសពី ៤០០០ ដុល្លារ។  តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលវិនិយោគដោយប្រទេសចិន រួមចំណែកជាងពាក់កណ្តាលនៃផលិតផលក្នុងស្រុកសរុបរបស់ខេត្តព្រះសីហនុ ខណៈភ្ញៀវទេសចរចិនគឺជាចំនួនភ្ញៀវទេសចរបរទេសច្រើនជាងគេដែលមកទស្សនាខេត្តព្រះសីហនុ។

លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោក Wang Wenbin ក៏បានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងខេត្តព្រះសីហនុ ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការប្រយុទ្ធប្រឆាំងនឹងការលេងល្បែងអនឡាញ និងការឆបោកតាមទូរគមនាគមន៍ ដើម្បីធ្វើឲ្យខេត្តព្រះសីហនុក្លាយជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតាមខេត្ត-ក្រុងរវាងប្រទេសទាំងពីរផងដែរ៕