លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្នើឱ្យបន្តរួមគ្នាបរិច្ចាគថវិកា ដើម្បីរក្សានិរន្តរភាពមន្ទីរពេទ្យគន្ធបុប្ផា

សង្គម​ និង​សេដ្ឋកិច្ច

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានស្នើទៅកាន់សាធារណជន ឱ្យបន្តរួមគ្នាបរិច្ចាគថវិកា ដើម្បីរក្សានិរន្តរភាពមន្ទីរពេទ្យគន្ធបុប្ផា ខណៈក្នុងមួយឆ្នាំៗមន្ទីពេទ្យនេះ ត្រូវការចំណាយជាមធ្យមប្រមាណជាង ៤០ លាន ដុល្លារអាម៉េរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ តាមរយៈសារលិខិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៥ ដែលផ្សាយចេញនាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤។

តាមរយៈសារលិខិតខាងលើ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំ និងការលះបង់ដ៏ធំធេងពីសំណាក់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផា ក្នុងការរួមគ្នាផ្តល់សេវាពិនិត្យ និងព្យាបាល ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ប្រកបដោយស្មារតីទទួលខុសត្រូវក្នុងវិជ្ជាជីវៈ។

ឆ្លៀតឱកាសនេះ លោកជំទាវ ក៏បានអរគុណ និងកោតសរសើរគ្រប់ភាគីពាក់ព័ន្ធ ព្រមសាធារណជនទាំងអស់ ចំពោះកិច្ចសហការខ្ពស់ និងការចូលរួមបរិច្ចាគថវិកា ទោះជាតិចក្តី ច្រើនក្ដីតាមលទ្ធភាព ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា នាពេលកន្លងមក ដែលនេះជាការរួមចំណែកដ៏ធំធេង និងមិនអាចកាត់ថ្លៃបាន ក្នុងបេសកកម្មសង្គ្រោះជីវិតទារក កុមារ និងស្ត្រីមានផ្ទៃពោះរាប់លាននាក់នៅកម្ពុជា នាពេលកន្លងមក។

ក្នុងន័យនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានអំពាវនាវជាថ្មីម្តងទៀតដល់សាធារពជនទាំងអស់ មេត្តាបន្តចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នាបន្តរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងនាំស្នាមញញឹមដល់ទារក និងកុមារកម្ពុជា។

សូមបញ្ជាក់ដែរថា មូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាមូលនិធិជាតិផ្លូវការតែមួយគត់ របស់កម្ពុជា ត្រូវបានផ្តួចផ្តើមបង្កើតឡើង និងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ក្នុងគោលបំណងកៀរគរថវិកាសប្បុរសធម៌ពីប្រភព ស្របច្បាប់នានា ទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាក្នុងស្មារតី “ខ្មែរជួយខ្មែរ” រក្សានិរន្តរភាពនៃកិច្ច ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលក្នុងមួយឆ្នាំៗត្រូវការចំណាយជាមធ្យមប្រមាណជាង ៤០ លាន ដុល្លារអាម៉េរិក៕ អត្ថបទ៖ ហ្សាលីន