លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានរោងចក្រកែច្នៃស្វាយចន្ទីទាំងធុនតូច និងមធ្យម៥០ ក្នុងនោះ ៦ ជារោងចក្រធុនមធ្យម (សមត្ថភាពផលិត ៧០០០តោន ទៅ ១៤០ ០០តោន ក្នុងមួយឆ្នាំ) ៤៤ សហគ្រាសជាសិប្បកម្មលក្ខណៈគ្រួសារតូចៗ មិនមានផលិតកម្មពេញ១ឆ្នាំទេ។
លោកបន្តថា មកដល់ពេលនេះយើងមានរោងចក្រកែច្នៃស្វាយចន្ទីធុនមធ្យមចំនួន៦ កំពុងដំណើរការ និងកំពុងសាងសង់ចំនួន២ទៀត ខណៈកម្ពុជាត្រូវការរោងចក្រធុនមធ្យមនេះចំនួន៣៥ទៀត ដើម្បីស្របតាមគោលនយោបាយជាតិស្តីពីស្វាយចន្ទីរយៈពេល៥ឆ្នាំ ២០២២-២០២៧។
បើតាមលោក អួន ស៊ីឡុត កាលណាមានរោងចក្រមធ្យមចំនួន៣៥ ទៀត យើងអាចអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី២០២២-២០២៧ បាន ដែលអាចផ្តល់តម្លៃបន្ថែមដល់កសិករ អាចបង្កើតការងារក្នុងសហគមន៍បានយ៉ាងច្រើន និយាយរួមបើស្វាយចន្ទីអាចកែច្នៃក្នុងស្រុកឱ្យបាន៨០% នៃផលិតផលសរុបរបស់កម្ពុជា យើងចំណេញ១២០%។
លោកប្រធានសមាគមខាងលើធ្លាប់បានគូសបញ្ជាក់ថា ការដែលមានរោងចក្រកែច្នៃច្រើននៅក្នុងស្រុក ជាការបន្ថែមតម្លៃដល់កសិករ និងបង្កើតការងារនៅក្នុងស្រុកផងដែរ។ការកែច្នៃក្នុងស្រុកជារឿងល្អ ជាជាងការនាំគ្រាប់ឆៅទៅក្រៅប្រទេស។
សូមបញ្ជាក់ថា ដំណាំស្វាយចន្ទីបានជួយអភិវឌ្ឈសេដ្ឋកិច្ចជនបទដែលកម្ពុជាមាន៦,៥លានគ្រួសារ ប្រកបរបរដាំដំណាំនេះ។លើសពីនេះ វិស័យកសិកម្មដំណាំចន្ទីអាចបង្កើតការងារតាមរដូវប្រហែលជា ១២០ ០០០នាក់ផងដែរ។
ក្នុងរយៈពេលជិត ១២ ខែ ឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបាន ៨៥០ ០០០តោន (កើនឡើង២៦%) នាំចេញទៅក្រៅប្រទេស ៨១៥ ០០០តោន គិតជាទឹកប្រាក់ ១ ១៥០ លានដុល្លា (កើន៣១%) ក្នុងនោះនាំចេញទៅវៀតណាម៧៩៣ ៤៥៣ តោន។
សូមជម្រាបជូនបន្ថែមថា កម្ពុជាបានដាក់ចេញ «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧» កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៣ ដែលគោលនយោបាយនេះនឹងក្លាយជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់ពង្រឹងផលិតភាពនៃផលិតកម្មដំណាំស្វាយចន្ទី ការនាំចេញ ដើម្បីជំរុញឱ្យកម្ពុជាឈានទៅជាអធិរាជស្វាយចន្ទី នៅលើពិភពលោក៕