ស្ថិតនៅក្នុងរដូវកាលសំបូរភ្ញៀវទេសចរចូលមកដល់ ចាប់ពីខែតុលា ឆ្នាំ២០២៤មក គេសង្កេតឃើញថា ចំនួនភ្ញៀវទេសចរបរទេសដែលបានស្នាក់នៅ និងកម្សាន្តនៅក្នុងខេត្តសៀមរាប ចាប់អារម្មណ៍ចង់មើលព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តច្រើននៅក្នុងខែវិច្ឆិកានិងខែធ្នូនេះ។

លោក ទួន រស្មី មគ្គទេសក៍ ទេសចរណ៍ប្រចាំនៅខេត្តសៀមរាបបានឱ្យដឹងថា ភ្ញៀវបរទេសបរទេសចូលមកកម្សាន្តនៅកម្ពុជាច្រើនជាទូទៅចាប់ពីចុងខែតុលា ឆ្នាំ២០២៤ រហូតដល់ខែមីនា នៅឆ្នាំ២០២៥ ពិសេសពីខែធ្នូឆ្នាំ២០២៤ រហូតដល់ខែមករា ឆ្នាំ២០២៥ សំបូរភ្ញៀវបរទេសច្រើនបំផុតមកលេងកម្ពុជាក៏ដូចជានៅតាមបណ្តាប្រទេសផ្សេងទៀតនៅតំបន់អាស៊ី ដោយសារនៅតាមប្រទេសពួកគាត់មានការធ្លាក់ទឹកកក។
បើតាមមគ្គុទេសក៍ ទេសចរណ៍ខាងលើ, ចាប់ពីខែតុលា រហូតមកដល់ចុងខែធ្នូ ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សារាបានបង្ហាញថា ភ្ញៀវបរទេសដែលបានមកទិញសំបុត្រចូលទស្សនាអង្គរច្រើន មានមកពីសហរដ្ឋអាមេរិក, អង់គ្លេស,បារាំង និងភ្ញៀវមកពីប្រទេសកូរ៉េខាងត្បូង។

លោក ទួន រស្មី បានឱ្យដឹងថា ការកើនឡើងនៃចំនួនភ្ញៀវទេសចររបស់អាមេរិកកើនឡើងនាំមុខគេក្នុងចំណោមភ្ញៀវទេសផ្សេងទៀត អាចមកពីទំនោរបស់ភ្ញៀវទេសចរ ឬអាចមកពីភ្ញៀវមកពីសហរដ្ឋអាមេរិក បានទទួលនូវព័ត៌មានច្រើនអំពីប្រាសាទអង្គរវត្ត ពួកគាត់ចង់ឃើញទំនៀបទម្លាប់ប្រពៃណីខ្មែរ, ចង់ទស្សនាទេសចរណ៍វប្បធម៌ ជាពិសេសចង់ឃើញសកម្មភាពព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត។
លោក ទួន រស្មី គូសបញ្ជាក់ថា “ព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តកើតមានថ្ងៃទី២១ខែមិនា និងថ្ងៃទី២១ខែកញ្ញា ជារៀងរាល់ឆ្នាំ ហើយភ្ញៀវទេសចរបរទេសដែលបានចូលមកទស្សនាកម្ពុជា ពួកគាត់ចង់ឃើញព្រឹត្តិការណ៍នេះច្រើនជាងគេ ព្រោះវាជាអភូតហេតុអស្ចារ្យមួយ។ ជាក់ស្តែងនៅក្នុងខែវិច្ចិកានិងខែធ្នូឆ្នាំ២០២៤នេះ ទោះបីមិនមានព្រឹត្តិការណ៍ ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តក៏ដោយ ក៏ភ្ញៀវបរទេសចង់ទៅមើលដែរ ខ្ញុំបាននាំភ្ញៀវបរទេសទៅមើលថ្ងៃរះចំកំពូលប្រាសាទអង្គរវត្តបានជាង២០ថ្ងៃក្នុងមួយខែ ពោលច្រើនជាងខែមុនៗ” ៕ SL



