ឈានចូលឆ្នាំថ្មី ឆ្នាំសកល២០២៥ ពោលចាប់ពីថ្ងៃទី០១ ខែមករានេះតទៅ ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ សម្រាប់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប បានឡើងរហូតដល់២០៨ដុល្លារក្នុងមួយខែ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥នេះថា ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ សម្រាប់បងប្អូនកម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ឆ្នាំ២០២៥ ទទួលបាន២០៨ដុល្លារក្នុងមួយខែ និងទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀតដូចជា ប្រាក់រង្វាន់ធ្វើការទៀងទាត់១០ដុល្លារ, សោហ៊ុយធ្វើដំណើរនិងស្នាក់នៅ ៧ដុល្លារ, ប្រាក់រង្វាន់អតីតភាពការងារ ០-១១ដុល្លារ ក្នុងមួយខែ។
ក្រសួងការងារក៏ធ្លាប់បានគូសបញ្ជាក់ថា ជាមធ្យមកម្មករនិយោជិតម្នាក់ៗនឹងទទួលបានប្រាក់ឈ្នួលយ៉ាងតិចចំនួនពី ២២៥ ដុល្លារ ដល់ ២៣៦ ដុល្លារ ក្នុងមួយខែ។ ក្រៅពីការដំឡើង ប្រាក់ឈ្នួលអប្បបរមា រាជរដ្ឋាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធនឹងបន្តខិតខំសហការគ្នាដើម្បីកាត់បន្ថយ បន្ទុកចំណាយនានារបស់បងប្អូនកម្មករនិយោជិតជាបន្តបន្ទាប់ផងដែរ។
សូមជម្រាបថា កម្ពុជាជាប្រទេសក្នុងចំណោមបណ្តាប្រទេសដែលជាដៃគូប្រកួតប្រជែងរបស់កម្ពុជា ដែលនាំចេញផលិតផលវាយភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ដោយកម្ពុជាមានប្រាក់ឈ្នួលអប្បបរមាខ្ពស់ជាងប្រទេស ស្រីលង្កា មីយ៉ាន់ម៉ា ឡាវ បង់ក្លាដែស ប៉ាគីស្ថាន ឥណ្ឌូនេស៊ី(តំបន់ទាប) ឥណ្ឌា និងវៀតណាមជាដើម៕

