សម្តេចធិបតី សាទរកម្មករ និយោជិតកាត់ដេរ ខណៈបានប្រាក់ឈ្នូល ២០៨ ដុល្លារ នាឆ្នាំ២០២៥ នេះ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញការសារទរដល់បងប្អូនកម្មករ និយោជិត នៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង សម្ភារៈធ្វើដំណើរ ដែលនឹងទទួលបានប្រាក់ឈ្នូល ចំនួន ២០៨ដុល្លារ ក្នុងមួយខែ សម្រាប់ឆ្នាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមមទំព័រហ្វេសប៊ុក នាថ្ងៃទី ២ ខែមករា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរថា៖«សូមរីករាយឆ្នាំថ្មី ឆ្នាំសកល ២០២៥ ជាមួយនឹងកាដូជាថ្មីដល់បងប្អូនកម្មករ និយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ដោយនឹងទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន ២០៨$ សម្រាប់ឆ្នាំ២០២៥ នេះ» ។

សូមរម្លឹកដែរថា ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិត នៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង សម្ភារៈធ្វើដំណើរសម្រាប់ឆ្នាំ២០២៥ ឡើងបាន ៤ដុល្លារបន្ថែមទៀត ដែលធ្វើឱ្យប្រាក់ឈ្នួលសរុបកើនបាន ២០៨ដុល្លារ ក្នុងមួយខែ។ ការតម្លើងប្រាក់ឈ្នួល ៤ដុល្លារបន្ថែមសម្រាប់វិស័យនេះ គឺបន្ទាប់ពីមានកិច្ចប្រជុំត្រីភាគីចុងក្រោយ តាមរយៈការបោះឆ្នោតសំឡេងភាគច្រើនលើសលប់ ៤៦ លើ ៥១សំឡេង បានគាំទ្រតួលេខ២០៦ដុល្លារ។ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត បានសម្រេចបន្ថែម ២ដុល្លារទៀត ដូច្នេះប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ គឺ២០៨ដុល្លារ។នេះបើយោងតាមការប្រកាសពីសម្តេច ហ៊ុន ម៉ាណែត។

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានគូសបញ្ជាក់ថា ទោះក្នុងកាលៈទេសៈលំបាកនៃសេដ្ឋកិច្ចសកលក៏ដោយ ក៏រាជរដ្ឋាភិបាលមិនភ្លេចយកចិត្តទុកដាក់ដល់ការលើកកម្ពស់ជីវភាពរស់នៅ មុខរបរ និង សុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ ជាក់ស្តែង ការដំឡើងប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះ ទោះតិចក្តីច្រើនក្តី គឺដើម្បីជួយសម្រួលដល់ការលំបាកខ្លះរបស់បងប្អូនកម្មករនិយោជិត។

ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួលនេះ សម្តេច ក៏ធ្លាប់បានជម្រាបជូនបងប្អូនកម្មករនិយោជិត និងសាធារណជនថា សម្តេចនឹងបន្តជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យ តាមដាន និង ដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយរបស់កម្មករនិយោជិតផងដែរ៕ ​អត្ថបទ៖ ហ្សាលីន