ឆ្នាំ២០២៤ កម្ពុជានាំចេញផលិតផលដំណាំបាន១១,៦៦លានតោន គិតជាទឹកប្រាក់ជាង៤ ៧៩២លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងឆ្នាំ២០២៤ ផលិតផលដំណាំកម្ពុជាសម្រេចបាន៣៩លានតោន កើនឡើងលើសឆ្នាំ២០២៣ ចំនួន២,៧លានតោន ក្នុងនោះនាំចេញបាន១១,៦៦លានតោន  គិតជាទឹកប្រាក់ជាង៤ ៧៩២លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមការឱ្យដឹងពីលោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥នេះ។

លោក យ៉ង សាំងកុមារ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ ផលិតផលដំណាំសម្រេចបាន៣៩លានតោន ដែលកើនលើសឆ្នាំ២០២៣ ចំនួន២,៧លានតោន។ក្នុងនោះ បរិមាណផលស្រូវទទួលបានចំនួន១,៤លានតោន។ ចំណែកការនាំចេញផលិតផលដំណាំសម្រេចបានចំនួន១១,៦៦លានតោន ដែលកើនលើសឆ្នាំ២០២៣ ចំនួន៣,២១លានតោន ដោយតម្លៃនាំចេញមានប្រមាណជាង៤ ៧៩២លានដុល្លារ។

បើតាមលោក យ៉ង សាំងកុមារ បានគូសបញ្ជាក់ថា ទោះបីជាជួបបញ្ហាប្រឈមនឹងភាពរាំងស្ងួត និងការផ្ទុះនូវការបំផ្លាញដោយសត្វល្អិតដូចជាដង្កួវហ្វូង និងរុយស ក៏នៅឆ្នាំ ២០២៤ ផលិតកម្មដំណាំមានការកើនឡើង ទាំងបរិមាណផលិត និងការនាំចេញបើធៀបទៅនឹង ២០២៣។សន្តិសុខស្បៀងត្រូវបានធានាដោយតម្លៃស្បៀងសំខាន់ៗ ជាពិសេសតម្លៃអង្ករត្រូវបានរក្សាលំនឹងបានល្អ។

លោកគូសបញ្ជាក់បន្ថែមថា អាទិភាពសម្រាប់ឆ្នាំ ២០២៥ គឺការបង្កើនគុណភាពនៃការផលិតសម្រាប់ទីផ្សារ និងការកាត់បន្ថយថ្លៃដើមផលិតដើម្បីបង្កើនប្រាក់ចំណូលជូនកសិករ និងបន្តរក្សាលំនឹងថ្លៃស្បៀងអាហារសំខាន់ៗជូនប្រជាជនគ្រប់រូប៕