ឆ្នាំ២០២៤ កម្ពុជា នាំចេញទៅកូរ៉េ ក្នុងទំហំទឹកប្រាក់២៨៨លានដុល្លារ កើនជាង១៣ភាគរយ

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖គិតត្រឹមចុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សាធារណរដ្ឋកូរ៉េ សម្រេចបាន ៧៦២លានដុល្លារអាម៉េរិក កើនឡើង ១១,៤៩% ក្នុងនោះការនាំចេញរបស់កម្ពុជាសម្រេចបាន២៨៨លានដុល្លារ អាម៉េរិក កើនឡើង ១៣,៧៧%។នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួររំលឹកថាក្នុងឆ្នាំ២០២៣ ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ មានទឹកប្រាក់សរុប ៧៥១,៣៨លានដុល្លារ ។ ទំនិញកម្ពុជានាំទៅកូរ៉េ មានចំនួន ២៨១,១៤លានដុល្លារ កើនឡើង ២០,៣%ចំណែកកូរ៉េនាំចូល មានចំនួន៤៧០,២៥ លានដុល្លារ ធ្លាក់ចុះ ១៣,៨%។នេះបើយោងតាមអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (GDCE) ។

ប្រភពក្រសួងពាណិជ្ជកម្ម បានឱ្យដឹងទៀតថា៖ កិច្ចប្រជុំលើកទី១នៃគណៈកម្មាធិការចម្រុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ នៅសាធារណរដ្ឋកូរ៉េ បានអនុម័តលើវិធាននៃនីតិវិធីសម្រាប់គណៈកម្មាធិការចម្រុះ,ពិនិត្យនិងផ្តល់អនុសាសន៍លើលទ្ធផល នៃកិច្ចពិភាក្សារបស់ គណៈកម្មការក្រោមចំណុះចំនួន៣ រួមមាន៖ (១)-គណៈកម្មការ ពាណិជ្ជកម្មទំនិញ (២)-គណៈកម្មការវិធានដើមកំណើតទំនិញ និង នីតិវិធីគយ និង(៣)-គណៈកម្មការសហប្រតិបត្តិការសេដ្ឋកិច្ច,លើកទឹកចិត្តឱ្យគណៈកម្មាធិការរៀបចំកិច្ចប្រជុំជាទៀងទាត់ និង ប្រឹងប្រែងផ្សព្វផ្សាយពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងនេះ។

គណៈកម្មាធិការចម្រុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ ក៏បានឯកភាពបន្តការពិភាក្សាដើម្បីផ្តួចផ្តើមការចរចាលើផ្នែកពាណិជ្ជកម្ម សេវាកម្ម និងវិនិយោគ និងគ្រោងរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី២ នៅកម្ពុជាក្នុងឆ្នាំ២០២៥ព្រមទាំងជួបពិភាក្សាជាមួយប្រធាន និងនាយកប្រតិបត្តិទីភ្នាក់ងារជំរុញពាណិជ្ជកនិងវិនិយោគកូរ៉េ និងឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីជំរុញពាណិជ្ជកម្មរវាងកម្ពុជានិងកូរ៉េ លើវិស័យបច្ចេកវិទ្យាឌីជីថល គ្រឿងបង្គំ អេឡិចត្រូនិក យានយន្ត ការកែច្នៃកសិផល និងម្ហូបអាហារ៕