ឆ្នាំ២០២៥ វិស័យកសិកម្មបានត្រូវព្យាករមានកំណើន១,១ភាគរយ

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ រាជរដ្ឋាភិបាល នៅក្នុងឆ្នាំ២០២៥នេះ បានព្យាករថាវិស័យកសិកម្ម នឹងមានការកើនឡើង១,១% បើធៀបនឹងឆ្នាំ២០២៤ ដោយសារការរំពឹងទុក នូវកំណើនល្អនៃអនុវិស័យដំណាំនិងចិញ្ចឹមសត្វ និងការងើបសន្សឹមៗនៃអនុវិស័យនេសាទ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៥ អនុវិស័យដំណាំ ត្រូវបានរដ្ឋាភិបាលរំពឹងថា នៅតែរក្សាកំណើនល្អ ដោយសារការកើនឡើងនូវការវិនិយោគ ទាំងក្នុងស្រុកនិងពីបរទេស លើការកែច្នៃផលិតផលកសិកម្ម ការបង្កើនការវិនិយោគសាធារណៈ និងអន្តរាគមន៍របស់ រាជរដ្ឋាភិបាល ដូចជា ការផ្តល់ហិរញ្ញប្បទានសម្បទាន ក្នុងការជំរុញផលិតកម្មក្នុងស្រុកនិងការអនុវត្ត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលនឹងបន្តជំរុញដល់ការនាំចេញ។

ចំណែកអនុវិស័យចិញ្ចឹមសត្វក៏ត្រូវបានព្យាករដែរថានឹងបន្តងើបសន្សឹមៗ ដោយសារវិធានអន្តរាគមន៍របស់រាជរដ្ឋាភិបាលលើ ការនាំចូលសាច់បង្កក ដែលនឹងលើកទឹកចិត្តការចិញ្ចឹមក្នុងស្រុក ខណៈអនុវិស័យនេសាទត្រូវបានព្យាករថា នឹងមានកំណើនល្អ ក្រោមការរំពឹងទុកនូវកំណើនផលចាប់ទឹកសាបដែលនឹងត្រូវបានបន្តស្តារឡើងវិញ ដោយសារការដាក់ចេញនូវគោលនយោបាយបង្ក្រាបបទល្មើសនេសាទ និងការវិនិយោគក្នុងវារីវប្បកម្ម ក្រោមការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងការគាំទ្រពីដៃគូអភិវឌ្ឍន៍ សំដៅដោះស្រាយ បញ្ហាប្រឈមជារចនាសម្ព័ន្ធ ផ្តល់ការគាំទ្រផ្នែកហិរញ្ញប្បទាននិងជំរុញការផ្សព្វផ្សាយបច្ចេកទេសនិងការប្រើប្រាស់ពូជត្រីប្រកបដោយប្រសិទ្ធភាពខ្ពស់និងគុណភាព៕