វិនិយោគិនអន្តរជាតិសំឡឹងឃើញការវិនិយោគបៃតងនៅកម្ពុជា តាមរយៈការបង្កើតរោងចក្ររថយន្តអគ្គីសនី

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន ADATA Technology Co., Ltd. បានបង្ហាញការចាប់អារម្មណ៍ចំពោះការវិនិយោគបៃតង (Caborn Credit) នៅកម្ពុជា តាមរយៈការបង្កើតឱ្យមានរោងចក្ររថយន្តអគ្គីសនី (Electric vehicle) ដែលជាយានជំនិះប្រើដោយម៉ូទ័រអគ្គិសនី និងថ្មជំនួសឱ្យការប្រើម៉ាស៊ីនចំហេះខាងក្នុង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការបង្ហាញចំណាប់អារម្មណ៍របស់ក្រុមហ៊ុនខាងលើ ក្នុងជំនួបសម្តែងការគួរសមរវាងលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយលោក ស៊ីម៉ុន ជិន (Simon Chen) អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ADATA Technology Co., Ltd. និងសហការី កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៥។

ក្នុងជំនួបនោះ លោក អ៊ាង សុផល្លែត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុន ADATA Technology ដែលបានចាប់អារម្មណ៍ចំពោះការវិនិយោគបៃតង (Caborn Credit) នៅកម្ពុជា តាមរយៈការបង្កើតឱ្យមានរោងចក្ររថយន្តអគ្គីសនី (Electric vehicle) ដែលជាយានជំនិះប្រើដោយម៉ូទ័រអគ្គិសនី និងថ្មជំនួសឱ្យការប្រើម៉ាស៊ីនចំហេះខាងក្នុងដូចជាការប្រើសាំង ជាមួយគ្នានេះ EV ជាបច្ចេកវិទ្យាដ៏សំខាន់សម្រាប់កាត់បន្ថយការបំភាយឧស្ម័នពីការដឹកជញ្ជូនតាមផ្លូវគោក ដែលមានចំនួនជាង ១៥% នៃការបំភាយឧស្ម័នដែលទាក់ទងនឹងថាមពលសកល។

លោកក៏បានបញ្ជាក់ថា ការបង្កភាពងាយស្រួលដល់វិនិយោគិនទាំងអស់ចំពោះការវិនិយោគបៃតង (Caborn Credit) នៅកម្ពុជា គឺបានអនុលោមទៅតាមវិធានប្រតិបត្តិសម្រាប់មាត្រា៦នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជា ហើយក្រុមហ៊ុនចាំបាច់ត្រូវអនុវត្តទៅតាមមាត្រានៃកិច្ចព្រមព្រៀងនេះ ដើម្បីទទួលបានផលចំណេញទៅក្រុមហ៊ុនផង ហើយកម្ពុជាក៏ទទួលបានបរិស្ថានល្អមានអព្យាក្រឹតកាបូន ឈានឆ្ពោះទៅជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅគ្រប់កម្រិត។

សូមជម្រាបជូនថា ក្រុមហ៊ុន ADATA Technology Co., Ltd. បានជួបសម្តែងការគួរសមជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងពិនិត្យលទ្ធភាពនៃការវិនិយោគនៅកម្ពុជា រួចមកហើយកាលពីខែកក្កដា ឆ្នាំ២០២៤  ជាមួយនិងផែនការវិនិយោគ ១០០លានដុល្លារ នៅឆ្នាំ២០២៤ ដល់ឆ្នាំ២០២៧  តាមរយៈការកសាងរោងចក្រកែច្នៃអេឡិចត្រូនិច និងសួនឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់នៅកម្ពុជា។

ក្រុមហ៊ុន ADATA Technology Co., Ltd. ត្រូវបានបង្កើតឡើងនៅតៃវ៉ាន់ក្នុងឆ្នាំ២០០១ ដោយមានដើមទុនចុះបញ្ជីចំនួន ៩៤.៥ លានដុល្លារអាម៉េរិក ដោយមានរោងចក្រធំៗនៅក្នុងទីក្រុង Suzhou ប្រទេសចិន នៅប្រទេសប្រេស៊ីល និងកន្លែងផ្សេងទៀតដែលមានតម្លៃទីផ្សារបច្ចុប្បន្នរហូតដល់ ៩៦៧ លានដុល្លារអាម៉េរិក៕