រដ្ឋាភិបាល បង្កើតក្រុមការងារបច្ចេកទេស សម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាល បានសម្រេចបង្កើតក្រុមការងារបច្ចេកទេសនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ នៃគណៈកម្មាធិការ អន្តរក្រសួងសម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ដើម្បីសម្របសម្រួលការលើកលែងពន្ធ ការបន្ធូរបន្ថយពន្ធ ឬការដាក់ពន្ធជាបន្ទុករបស់រដ្ឋ ដើម្បីជាមូលដ្ឋាននៃការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមសេចក្តីប្រកាសស្តីពី ការបង្កើតក្រុមការងារបច្ចេកទេសនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ដែលផ្សាយចេញកាលពីថ្ងៃទី ២ ខែមករា ឆ្នាំ២០២៥។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ក្នុងសេចក្តីប្រកាសថា ក្រុមការងារបច្ចេកទេសនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាសេនាធិការ នៃគណៈកម្មាធិការ អន្តរក្រសួងសម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ មានសមភាពចំនួន ១២រូប ក្នុងនោះ៖

លោកឱម ម៉ាក់ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានភាពជាដៃគូ រវាងរដ្ឋ និងឯកជន (អ.រ.ជ.) ជាប្រធាន និងលោក ហេង សាលពិសិដ្ឋ អគ្គនាយករងនៃ អ.រ.ជ. ជាអនុប្រធាន។

ក្រុមការងារបច្ចេកទេសនេះ មានតួនាទីនិងភារកិច្ច ដូចជា៖ សម្របសម្រួល និងពន្លឿនការរៀបចំបែបបទ និងការអនុម័តលើការស្នើសុំការលើកលែងពន្ធ។ តាមដាន និងត្រួតពិនិត្យការអនុវត្តការអនុគ្រោះពន្ធ និងអាករផ្សេងៗ ដើម្បីធានាតម្លាភាព និងសុក្រឹតភាព។ ពិនិត្យ និងផ្តល់យោបល់លើការគាំទ្រការតភ្ជាប់ រួមមាន ផ្លូវ ទឹក ភ្លើង និងសេវាសាធារណៈផ្សេងៗទៀត តាមករណីជាក់ស្តែង ទៅតាមសំណើរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ ព្រមទាំងត្រួតពិនិត្យ និងតាមដានការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធទាំងនោះ ដែលប្រើប្រាស់ថវិការដ្ឋ។ពិនិត្យលទ្ធភាពក្នុងការស្នើជម្រើសហិរញ្ញប្បទាន ដើម្បីផ្តល់ការគាំទ្រដល់ការអភិវឌ្ឍលំនៅឋានតម្លៃ សមរម្យក្នុងករណីចាំបាច់។

ជាមួយគ្នានេះ ក្រុមការងារបច្ចេកទេស ក៏មានតួនាទីរិះរកវិធានការ និងកិច្ចសហការពីស្ថាប័នពាក់ព័ន្ធ ជាពិសេសពីស្ថាប័នហិរញ្ញវត្ថុ ដើម្បីធានាអត្រាការប្រាក់ សម្រាប់ទិញលំនៅឋាន ឱ្យសមស្របនឹងលទ្ធភាពរបស់ក្រុមគ្រួសារមានប្រាក់ចំណូលទាប និងមធ្យម។ សម្របសម្រួលជាមួយស្ថាប័នផ្តល់សេវាពាក់ព័ន្ធ ទាំងរដ្ឋ និងឯកជន សំដៅពន្លឿនដំណើរការ និង ប្រសិទ្ធភាពនៃការងារតភ្ជាប់ ឱ្យទាន់ពេលមុនការបញ្ចប់ការសាងសង់អគារលំនៅឋាន។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបញ្ជាក់ទៀតថា អគ្គលេខាធិការ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន និងប្រធានអង្គភាពក្រោមឱវាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងខ្លួនចាប់ពីពេលនេះតទៅ៕ អត្ថបទ៖ ហ្សាលីន