ក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៤ ក្រសួង បានទទួលស្គាល់ និងប្រគល់វិញ្ញាបនបត្រភូមិគំរូចំនួន ៣០ភូមិ ខណៈភូមិចំនួន ៣៤ទៀត ក៏បាននិងកំពុងអនុវត្តគម្រោងភូមិគំរូ “ភូមិសន្តិភាព”ផងដែរ។
របាយការណ៍នេះ ត្រូវបានបង្ហាញឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការងារអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ របស់ក្រសួងអភិវឌ្ឍន៍ជនបទ កាលរសៀលថ្ងៃ ទី២ ខែមករា ឆ្នាំ២០២៥។
នាឱកាសនោះ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៤ ក្រសួងបានទទួលស្គាល់ និងប្រគល់វិញ្ញាបនបត្រភូមិគំរូចំនួន ៣០ភូមិ, បាននិងកំពុងអនុវត្តគម្រោងភូមិគំរូ “ភូមិសន្តិភាព” ចំនួន ៣៤ភូមិ, និងបានចេញលិខិតទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចចំនួន ២០៣សហគមន៍ លើសពីនេះទៀត ក្រសួងក៏បានជ្រើសរើសភូមិគន្លឹះចំនួន ៥០ភូមិ ផ្សេងទៀត នៅទូទាំង ២៥រាជធានី-ខេត្ត ដើម្បីអភិវឌ្ឍឱ្យក្លាយជាភូមិគំរូ។
ជុំវិញរឿងនេះ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញទាំងអស់ ដែលបានខិតខំបំពេញតួនាទីប្រកបដោយការទទួលខុសត្រូវ រហូតសម្រេចបាននូវសមិទ្ធផលនេះ ដែលជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ឈានទៅសម្រេចនូវចក្ខុវិស័យក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទ ២០២៤-២០២៨ គឺ “កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” សំដៅធានាបាននូវកំណើនប្រាក់ចំណូលគ្រួសារពលរដ្ឋកាន់តែប្រសើរឡើង៕ អត្ថបទ៖ ហ្សាលីន