កម្ពុជា-គុយបា បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម កីឡា និងសុខភាពឱ្យកាន់តែខ្លាំងថែមទៀត ដើម្បីពង្រីកទំនាក់ទំនងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ។
កិច្ចពិភាក្សានេះ បានធ្វើឡើងកាលព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ រវាងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា ប្រចាំកម្ពុជា ។
នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកស្រី Milena បានពិភាក្សាគ្នាប្រកបដោយផ្លែផ្កាលើវិស័យផ្សេងៗនៃកិច្ចសហប្រតិបត្តិការ រួមមាន កសិកម្ម កីឡា និងសុខភាព ខណៈភាគីទាំងពីរក៏បានសន្យាពង្រីកកិច្ចសហប្រតិបត្តិការទាំងនេះបន្ថែមទៀត នៅពេលដែលកម្ពុជា និងគុយបាប្រារព្ធខួបលើកទី៦៥ នៃទំនាក់ទំនងការទូត នៅឆ្នាំនេះផងដែរ។
សូមរម្លឹកដែរថា ក្នុងអំឡុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា គុយបា បានលើកទឹកចិត្តឱ្យមានការអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌អប់រំកាយ និងកីឡា ដែលបានចុះហត្ថលេខានៅឆ្នាំ២០២២ រវាងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា និងវិទ្យាស្ថានជាតិកីឡា អប់រំកាយ និងការលេងកំសាន្តរបស់គុយបា។
ជាងនេះទៀត នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា នៅសាធារណរដ្ឋគុយបា កាលពីខែកញ្ញា ឆ្នាំ២០២២ ភាគីទាំងពីរ បានចុះអនុស្សរណៈនៃការយោគយល់គ្នា លើវិស័យជាច្រើន ដូចជា កសិកម្ម សុខាភិបាល អប់រំ និងកីឡាជាដើម។ហេតុនេះ រដ្ឋមន្រ្តីក្រសួងការបរទេស និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា រំពឹងថា កិច្ចពិភាក្សានេះ នឹងឆ្លើយតបដល់អនុស្សរណៈនៃការយោគយល់គ្នារវាងប្រទេសទាំងពីរ៕ អត្ថបទ៖ ហ្សាលីន