យោងតាមវឌ្ឍនភាពការងារគម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដែលបានធ្វើបច្ចុប្បន្នភាពដោយក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហាញថា គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីស្រែអំបិល-កោះកុង ប្រវែង ១៤៨គីឡូម៉ែត្រ សាងសង់បាន ៧៨%ហើយ ដោយគ្រោងបញ្ចប់នារដូវប្រាំងក្នុងឆ្នាំ ២០២៥ ខាងមុខនេះ។
ក្រសួងបានឱ្យដឹងថា ក្រុមការងារការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង) បានសម្រុកខ្លាំង ដើម្បីធានាវឌ្ឍនភាពកាន់តែប្រសើរនៅដើមខែមករា នៃដើមឆ្នាំ២០២៥នេះ។ នៅមិនយូរប៉ុន្មានទេការងារអ៊ុត AC នឹងបញ្ចប់ ខណៈដែលតាមគម្រោងការងារអ៊ុត AC គ្រោងបញ្ចប់នៅចុងរដូវប្រាំង ឆ្នាំ២០២៥ ខាងមុខនេះហើយ។ ទន្ទឹមនឹងនេះ កំណាត់ខ្លះនៃគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក៏បានស្ថាបនារួចរាល់ហើយដែរ។
ជុំវិញរឿងនេះ លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តែងចុះជាប់ផ្ទាល់ប្រចាំ ដើម្បីពិនិត្យ ដានការងារបច្ចេកទេសសាងសង់ក្រុមហ៊ុន សំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងតាមកិច្ចសន្យា ដោយធានាបានទាំងគុណភាព និងសោភ័ណភាព។
ជាក់ស្តែង លោកថា គិតត្រឹមដើមខែមករា ឆ្នាំ២០២៥នេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨គីឡូម៉ែត្រចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៤(បំបែកស្រែអំបិល)ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាពបាន៧៨%ហើយ។
គួរបញ្ជាក់ដែថា ក្រសួងសាធារណការ ចាត់ទុក ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ ប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍។
យ៉ាងណាមិញ ខណៈដែលការដ្ឋានកំពុងមមាញឹកខ្លាំង ក្រសួងក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវជាតិលេខ៤៨ ជាពិសេសរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ មេត្តាប្រុងប្រយ័ត្នខ្ពស់ កុំដឹកធ្ងន់ពេក ដែលបណ្តាលឱ្យមានការលំបាកក្នុងការធ្វើដំណើរ ជាពិសេសចំណុចឡើងទួល និងចុះចំណោតជាដើម។
ដោយឡែក ចំពោះរថយន្តឈ្នួល និងអ្នកធ្វើដំណើរផ្សេងទៀត ក៏ត្រូវបើកបរក្នល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ និងជួយកាត់បន្ថយការហុយធូលីលើបងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវ៕អត្ថបទ៖ ហ្សាលីន