សហភាពអឺរ៉ុប នឹងបន្តគាំទ្រដល់វឌ្ឍនភាពសេដ្ឋកិច្ច និងសង្គមកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា សហភាពអឺរ៉ុប នឹងបន្តគាំទ្រដល់វឌ្ឍនភាពសេដ្ឋកិច្ច និងសង្គមកម្ពុជា តាមរយៈជំនួយបច្ចេកទេស និងកម្មវិធីកសាងសមត្ថភាពនានា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

 ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ថ្លែងបែបនេះ នៅក្នុងជំនួបសម្តែងការគួរសម ជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលចុងសប្តាហ៍។

នាឱកាសនោះលោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ការប្តេជ្ញាចិត្ត របស់សហភាពអឺរ៉ុប ក្នុងការបន្តគាំទ្រដល់វឌ្ឍនភាពសេដ្ឋកិច្ច-សង្គមរបស់កម្ពុជាតាមរយៈជំនួយ បច្ចេកទេស និងកម្មវិធីកសាងសមត្ថភាព ក្នុងការដោះស្រាយការប្រឈមចំបងៗដូចជា ការកាត់បន្ថយភាពក្រីក្រ ការថែទាំសុខភាព ការអប់រំ និងការប្រែប្រួលអាកាសធាតុ ព្រមទាំងការលើកកម្ពស់ សង្គមប្រកបដោយបរិយាបន្ននិងវិបុលភាព។

ជុំវិញរឿងនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងសរសើរឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ចំពោះកិច្ចប្រឹងប្រែងក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-សហភាពអឺរ៉ុប ពិសេសការចូលរួមរបស់សហភាពអឺរ៉ុបសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយ រដ្ឋាភិបាលកម្ពុជា ដែលផ្តោតគោលបំណងឆ្ពោះទៅប្រែក្លាយកម្ពុជាជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

គួរបញ្ជាក់ដែរថា តាមរយៈជំនួបខាងលើ កម្ពុជា-សហភាពអឺរ៉ុប ក៏បានពិភាក្សាពីសារៈសំខាន់នៃការថែរក្សាការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ ដើម្បីពង្រឹងភាពជាដៃគូ ដោយឈរលើផលប្រយោជន៍ ការយោគយល់គ្នា និងការគោរពគ្នាទៅវិញទៅមក។ ទន្ទឹមគ្នានេះ ភាគីកម្ពុជា ក៏បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកកម្ពស់នីតិរដ្ឋ ដូចដែលបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់ជាធរមាន ដោយមានគោលដៅលើកកម្ពស់លំហប្រជាធិបតេយ្យ ដើម្បីផលប្រយោជន៍របស់ប្រជាជនកម្ពុជា៕ អទ្ថបទ៖​ហ្សាលីន