នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីប្រកាសព័ត៌មាន អំពីលទ្ធផលក្រោយពីមន្ត្រីនគរបាលយុត្តិធម៌ បានបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួន ពាក់ព័ន្ធនឹងនាយទាហាននៃកងរាជអាវុធហត្ថខេត្តតាកែវ ចំនួន៣រូប។
យោងតាមសេចក្តីប្រកាសព័ត៌មាន ជាលទ្ធផលក្រោយការស៊ើបអង្កេត នាយទាហាននៃកងរាជអាវុធហត្ថខេត្តតាកែវ ចំនួន២រូប គឺលោក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងលោក ស៊ិន សុវណ្ណារិទ្ធ ជំនួយការការិយាល័យគ្រឿងញៀនខេត្តតាកែវ បានរកឃើញថា មានការពាក់ព័ន្ធនឹងបទល្មើសស៊ីសំណូក (ទទួលប្រាក់ជាថ្នូរនឹងការមិនបង្គ្រាបបទល្មើសគ្រឿងញៀន, ល្បែងស៊ីសងខុសច្បាប់ និងធ្វើឱ្យបែកការសម្ងាត់ក្នុងការស៊ើបអង្កេត) ហើយបុគ្គល២រូបនេះ ត្រូវបានបញ្ជូនឱ្យទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU)។ ចំពោះឈ្មោះ លុយ សារ៉ុម ហៅ លុយ សារុំ នាយសេនាធិការមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ មិនមានពាក់ព័ន្ធនឹងបទល្មើសស៊ីសំណូក ប៉ុន្តែបុគ្គលនេះគ្មានការទទួលខុសត្រូវចំពោះតួនាទី ភារកិច្ច បានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវវិញ ដើម្បីអនុវត្តវិន័យទណ្ឌកម្ម។
គួររំឭកថា កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញបញ្ជាឱ្យឃាត់ខ្លួនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ ម្នាក់ និងមន្ដ្រី២នាក់ ទៀត មកសួរនាំ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្ដាល ពាក់ព័ន្ធករណីបង្គ្រាបបទល្មើសគ្រឿងញៀន នៅក្រុងអរិយក្សត្រ ខេត្តកណ្តាល កាលដើមខែវិច្ឆិកា ឆ្នាំ២០២៤ ដែលក្នុងហេតុការណ៍ឃាតកម្មនោះ កងកម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធនឹងការធ្វើទារុណកម្មយ៉ាងឃោរឃៅរហូតដល់ស្លាប់ និងពាក់ព័ន្ធការចែកចាយ ជួញដូរគ្រឿងញៀនដោយខុសច្បាប់។ ពេលនោះ សមត្ថកិច្ចបានរកឃើញ គ្រឿងញៀនប្រមាណ៧គីឡូក្រាម កាំភ្លើង៣ដើម ហើយបញ្ជូនជនសង្ស័យទាំង៤នាក់ ទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល។
សូមជម្រាបថា កងរាជរាជអាវុធហត្ថ ក្រោមការដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានដាក់ចេញនូវទិសស្លោក “ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប” ហើយយោធិននៃកងរាជអាវុធហត្ថ ត្រូវតែបានអប់រំ និងត្រូវតែអនុវត្តទិសស្លោកនេះឱ្យខ្ជាប់ខ្ជួន ដើម្បីជាគំរូក្នុងនាមជាមន្ត្រីប្រតិបត្តិច្បាប់ ប្រសិនបើបុគ្គលណាមិនគោរពត្រូវតែទទួលខុសត្រូវចំពោះអំពើរបស់ខ្លួន ដោយគ្មានការលើកលែងនោះទេ៕