មកទល់ពេលនេះ ការដ្ឋានសាងសង់ស្ពានដីឥដ្ឋ-ថ្មគរ ដែលភ្ជាប់ទៅកាន់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កំពុងដំណើរការយ៉ាងមមាញឹក រួមទាំងការងាររណបមួយចំនួនទៀត ដើម្បីធានាការសាងសង់តាមផែនការដែលបានគ្រោងទុក។

នេះបើយោងតាម លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និង ដឹកជញ្ជូន បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកថា ស្ពានដីឥដ្ឋ-ថ្មគរ ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល គឺជាគម្រោងដ៏សំខាន់ និងមានអត្ថន័យបំផុត សម្រាប់ការតភ្ជាប់, សេដ្ឋកិច្ច, ការដឹកជញ្ជូន និងសង្គម ពីភាគខាងត្បូង និងខាងកើត រាជធានីភ្នំពេញ ដោយភ្ជាប់មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣)ត្រង់ចំណុចផ្លូវជាតលេខ១ និងត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ មកទល់ពេលនេះ លោកថា ការដ្ឋានសាងសង់ស្ពានដីឥដ្ឋ-ថ្មគរនេះ កំពុងដំណើរការយ៉ាងមមាញឹក។
អ្នកនាំពាក្យ រូបនេះបានបញ្ជាក់ទៀតថា ស្ពានដីឥដ្ឋ-ថ្មគរ ជាប្រភេទស្ពានបេតុងប្រវែង ១.៦០០ម៉ែត្រ,ទទឹង ២៦ម៉ែត្រ និងផ្លូវតភ្ជាប់ទាំងសងខាងពីក្បាលស្ពានប្រវែង ២.១០០ម៉ែត្រ,ទទឹង២៦ម៉ែត្រ ក្រាលAC កម្រាស់១០សង់ទីម៉ែត្រ រួមទាំងការសាងសង់ផ្លូវប្តូរទិសចរាចរណ៍(Interchange)ចំនួន១កន្លែង និងផ្លូវក្រោមស្ពាន(Underpass)ចំនួន ២កន្លែង។
សូមរម្លឹកដែរថា ស្ពាននេះ ប្រើប្រាស់ថវិកាក្រោមក្របខណ្ឌមូលនិធិទ្រទ្រង់ថវិកាហិរញ្ញប្បទានដោយដៃគូអភិឌ្ឍន៍ ដោយបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ គ្រោងបញ្ចប់ចុងឆ្នាំ២០២៧៕ អត្ថបទ៖ហ្សាលីន


