ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា៖ក្រសួងកសិកម្មបាននឹងកំពុងជំរុញការងារការកសាងសហគមន៍កសិកម្មទំនើប ដែលអាចប្រមូលផ្តុំប្រជាកសិករដាំដុះរួមគ្នាដោយមានផែនការផលិតកម្មច្បាស់លាស់ ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ មានស្តង់ដាបច្ចេកទេសត្រឹមត្រូវ និងមានទីផ្សារពិតប្រាកដ។

ក្នុងជំនួបជាមួយសហព័ន្ធដំឡូងមីកម្ពុជានៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ លោករដ្ឋមន្ត្រីបានណែនាំឱ្យសហព័ន្ធដំឡូងមីកម្ពុជាត្រូវផ្តោតទៅលើការធ្វើពាណិជ្ជកម្មដំឡូងមីស្រស់ និងការកែច្នៃដំឡូងមីក្រៀមសម្រាប់នាំចេញ ជៀសជាងការដាំដុះប្រកួតប្រជែងជាមួយប្រជាកសិករ។
លោករដ្ឋមន្ត្រីក៏បានបានផ្តល់អនុសាសន៍ណែនាំដល់សហព័ន្ធត្រូវពិនិត្យគិតគូរច្បាស់លាស់ពីការរៀបចំអង្គការចាត់តាំងរបស់ខ្លួន និងភាពជាតំណាងដែលមានសារៈសំខាន់ ក្នុងការធ្វើពាណិជ្ជកម្ម និងកែច្នៃដំឡូងមី ដោយដាក់ធនធានរួមគ្នា ចេះធ្វើការជាមួយគ្នា យល់ច្បាស់ពីទំហំទីផ្សារពិតប្រាកដ គិតគូរពីប្រសិទ្ធសេដ្ឋកិច្ច ឈរជើងបានរឹងមាំ និងដើរត្រូវទៅតាមគោលដៅ។
លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថាសហព័ន្ធត្រូវមានភាពបត់បែន ដឹងពីតម្រូវការ និងការផ្គត់ផ្គង់ មានផែនការយុទ្ធសាស្រ្តជាក់លាក់ ដាំក្នុងកម្រិតរក្សាស្ថិរភាពទីផ្សារ ដោយមិនជំរុញការពង្រីកផ្ទៃដីផលិតកម្ម ជៀសវាងធ្វើឱ្យតម្លៃធ្លាក់ចុះ។
លោករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់សហព័ន្ធបន្តសហការជាមួយក្រសួងកសិកម្ម និងភាគីពាក់ព័ន្ធទាំងអស់ឱ្យមានភាពបន្ស៊ីគ្នា ដោះស្រាយបញ្ហាប្រឈមនានា និងជោគជ័យទាំងអស់គ្នាដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាកសិករពិតប្រាកដ៕





