បើពុំមានការប្រែប្រួលអ្វីនោះទេ សហគមន៍កសិកម្មទំនើបផលិតស្រូវសែនក្រអូប ស្ថិតនៅស្រុកបារាយណ៍ ខេត្តកំពង់ធំនឹងប្រកាសដាក់ឱ្យដំណើរជាផ្លូវការនៅក្នុងរយៈពេល២-៣ខែទៀត ហើយសហគមន៍កសិកម្មទំនើបមួយនេះអាចទទួលបានការធានាថ្លៃទុកជាមុន តាមរយៈការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា។

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានលើកឡើងថាក្នុងកាលៈទេសៈដែលថ្លៃស្រូវនៃពូជមកពីប្រទេសដទៃកំពុងស្ថិតក្នុងភាពស្រពេចស្រពិលនិងមានការប្រែប្រួលខ្លាំង បងប្អូនកសិករជិត១០០គ្រួសារនៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ បានស្ម័គ្រចិត្តចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប និងជ្រើសរើសផលិតស្រូវសែនក្រអូបលើផ្ទៃដីដាំដុះជាង២០០០ហិកតា ដើម្បីទទួលបានតម្លៃពិសេស ១៣៥០រៀលក្នុងមួយគីឡូក្រាម ដែលជាតម្លៃចុះកិច្ចសន្យាទុកជាមុន។
លោកគូសបញ្ជាក់ថា “មានតែការចងក្រងគ្នាជាសហគមន៍កសិកម្មទំនើបទេ ទើបអាចទទួលបានការធានាថ្លៃទុកជាមុនតាមរយៈការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាទៅបាន។ ពូជស្រូវយុទ្ធសាស្ត្ររបស់កម្ពុជាដូចជាស្រូវសែនក្រអូប ដែលធ្លាប់ឈ្នះពានរង្វាន់មាសរហូតដល់ទៅ២ដង តែងមានស្ថេរភាពថ្លៃជាងស្រូវដទៃទៀត ព្រោះយើងមានទីផ្សារនាំចេញច្បាស់លាស់ ហើយក៏មានបណ្តាញរោងម៉ាស៊ីនដែលធ្វើការដោយផ្ទាល់ជាមួយក្រសួង ដែលអាចឱ្យយើងអន្តរាគមន៍ក្នុងករណីចាំបាច់បានផងដែរ ”។

លោកបញ្ជាក់បន្ថែមថា បើមិនមានអ្វីប្រែប្រួលទេ សហគមន៍កសិកម្មទំនើបមួយនេះនឹងអាចដំណើរការបានក្នុងរយៈពេល២-៣ខែខាងមុខ ជាមួយនឹងការគ្រប់គ្រងម៉ាស៊ីនបូមទឹកខ្នាតធំនិងប្រព័ន្ធធារាសាស្ត្រដែលក្រសួងកសិកម្មទើបបានវិនិយោគរួចជាស្រេចក្នុងតំបន់នេះ ដែលនឹងក្លាយទៅជាមុខរបរបន្ថែមមួយទៀតរបស់សហគមន៍ផងដែរ។
ពាក់ព័ន្ធនិងការបង្កើតសហគមន៍កសិកម្មទំនើបនេះ បើយោងតាមមន្ត្រីអ្នកនាំពាក្យខាងលើ ទោះបីនៅមានបញ្ហាប្រឈមច្រើនទៀតដែលត្រូវបន្តដោះស្រាយ យ៉ាងហោចណាស់ក៏មានសហគមន៍កសិកម្មទំនើបចំនួន១០ ត្រូវបានបង្កើតឡើងនៅក្នុងខេត្តចំនួន៦ សម្រាប់ដំណាំស្រូវ បន្លែ ម្រេច និងស្វាយចន្ទី។ ឆ្នាំ២០២៥នឹងក្លាយទៅជាឆ្នាំសំខាន់បំផុតសម្រាប់ការពង្រីកវិសាលភាពនៃសហគមន៍កសិកម្មទំនើប៕ SL
