ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា(FAO) បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីជំរុញការវិនិយោគលើកសិផលសំខាន់របស់កម្ពុជា ឱ្យកាន់តែប្រសើរឡើង សំដៅធានាទីផ្សាជូនប្រជាកសិករនៅកម្ពុជា។
នេះបើយោងតាមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពស្តីពីកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) ដឹកនាំដោយលោករដ្ឋមន្ដ្រី ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយតំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា(FAO)កាលថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥។
កិច្ចពិភាក្សានេះ បានផ្តោតលើការជំរុញទៅលើតម្រូវការនៃការវិនិយោគទាំងអ្នកវិនិយោគក្នុងស្រុក និងវិនិយោគិនបរទេស នូវកសិផលសំខាន់របស់កម្ពុជា រួមមាន៖ ស្រូវអង្ករ ស្វាយចន្ទី ស្វាយ កៅស៊ូ ផលិតកម្មបន្លែ ផលិតផលវារីវប្បកម្ម ម្រេច ដំឡូងមី ត្រចៀកកាំ និងផលិតផលសក្តានុពលនានាជាដើម។
នាឱកាសនោះដែរ លោករដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារត្រូវពិនិត្យពីកាលបរិច្ឆេទសមស្របមួយ ដែលអាចប្រារព្ធកម្មវិធីនេះ បានដោយរលូន និងមានការចូលរួមបានគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យកសិកម្ម ផ្សាភ្ជាប់ពាណិជ្ជកម្មកាន់តែទូលំទូលាយ។ ទន្ទឹមគ្នានេះ លោកថែមទាំង បានលើកទឹកចិត្តដល់ក្រុមការងារត្រូវជំរុញការងារនេះឱ្យចេញជារូបរាង។
សូមរម្លឹកដែរថា ក្នុងឆ្នាំ២០២៤ ផលិតផលដំណាំកម្ពុជា សម្រេចបាន៣៩លានតោន កើនឡើងលើសឆ្នាំ២០២៣ ចំនួន២,៧លានតោន ក្នុងនោះនាំចេញបាន១១,៦៦លានតោន គិតជាទឹកប្រាក់ជាង៤ ៧៩២លានដុល្លារ។នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលថ្ងៃទី២ ខែមករា ឆ្នាំ២០២៥។
ក្រសួងកសិកម្ម បានបញ្ជាក់ដែរថា អាទិភាពសម្រាប់ឆ្នាំ ២០២៥ គឺការបង្កើនគុណភាពនៃការផលិតសម្រាប់ទីផ្សារ និងការកាត់បន្ថយថ្លៃដើមផលិតដើម្បីបង្កើនប្រាក់ចំណូលជូនកសិករ និងបន្តរក្សាលំនឹងថ្លៃស្បៀងអាហារសំខាន់ៗជូនប្រជាជនគ្រប់រូប៕ អត្ថបទ៖ ហ្សាលីន