គិតត្រឹមដំណាច់ឆ្នាំ២០២៤ វឌ្ឍនភាពគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ -ថ្មគរ) សម្រេចបានជិត ៥ % ។នេះបើយោងតាមរបាយការណ៍ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៥។
ប្រភពដែល បានឱ្យដឹងបន្តថា គិតត្រឹមដំណាច់ឆ្នាំ២០២៤ នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) សម្រេចបាន ៤,៣៤% បន្ទាប់ពី ពិធីបើកការដ្ឋានសាងសង់រួមគ្នាជាមួយគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កាលពីឆ្នាំ២០២៣។
គម្រោងស្ពានដីឥដ្ឋ-ថ្មគរនេះ គឺមានទីតាំងត្រើយខាងលិច ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើតស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល គឺជាគម្រោងដ៏សំខាន់សម្រាប់ការតភ្ជាប់សេដ្ឋកិច្ច ការដឹកជញ្ជូន ពីភាគខាងត្បូង និងខាងកើត រាជធានីភ្នំពេញ ដោយភា្ជប់មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣) ត្រង់ចំណុចផ្លូវជាតិលេខ១ និងត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ បច្ចុប្បន្នក្រុមហ៊ុនសាងសង់កំពុងមមាញឹកក្នុងការរៀបចំសាងសង់ស្ពានដែកបណ្តោះអាសន្ន ដើម្បីបំពាក់សម្ភារគ្រឿងចក្រខួងសសរគ្រឹះនាពេលខាងមុខដ៏ខ្លី។
សូមបញ្ជាក់ដែរថា ស្ពាននេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា និង លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
គម្រោងសាងសង់ស្ពាននេះ ធ្វើឡើងជាប្រភេទស្ពានបេតុង ប្រវែងស្ពាន និងផ្លូវក្បាលស្ពានសរុប ៣៧០០ ម៉ែត្រ ដែលក្នុងនោះតួស្ពានមានប្រវែងសរុប ១៦០០ ម៉ែត្រ និងទទឹង ២៦ម៉ែត្រ(៤គន្លងផ្លូវ)។ ផ្លូវតភ្ជាប់ក្បាលស្ពាន ប្រវែង ២១០០ ម៉ែត្រ ទទឹងផ្លូវ ២៦ ម៉ែត្រ ក្រាលបេតុងកៅស៊ូ(AC) និងសាងសង់ផ្លូវបង្វែរទិសចរាចរណ៍ ចំនួន៤ខ្សែ ហើយគម្រោងស្ពាននេះដែរ ត្រូវប្រើរយៈពេលសាងសង់ ចំនួន៤៨ ខែ ដោយគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៨ ខាងមុខ៕ អត្ថបទ៖ ហ្សាលីន