តម្រូវការងារនៅកម្ពុជាត្រូវបានព្យាករថានឹងកើនដល់១០,១លាននាក់ នៅឆ្នាំ២០២៥

សង្គម​ និង​សេដ្ឋកិច្ច

ខណៈសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ត្រូវបានរំពឹងថានឹងកើនឡើងជាមួយនឹងអត្រាប្រចាំឆ្នាំជាមធ្យមរង្វង់៦% នៅចន្លោះឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥ កំណើននេះត្រូវបានមើលឃើញថា នឹងបង្កើតឱកាសការងារជាច្រើននៅក្នុងវិស័យចម្បងរបស់កម្ពុជា ដូចជាវិស័យសេវាកម្ម និងឧស្សាហកម្ម ខណៈចំនួនការងារក្នុងវិស័យកសិកម្មនៅរក្សានិន្នាការថយចុះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទស្សនវិស័យមុខរបរ និងការងារ តម្រូវការជំនាញ និងការងារសម្រាប់យុវជន បានឱ្យដឹងថា ការព្យាករកំណើនការងារ បានបង្ហាញពីភាពសុទិដ្ឋិនិយម ដោយចំនួនការងារសរុបកើនពី៩,៨លានាក់ នៅក្នុងឆ្នាំ២០២៣ ដល់១០,១លាននាក់ នៅក្នុងឆ្នាំ២០២៥ ជាពិសេស វិស័យសេវាកម្ម និងឧស្សាហកម្ម។

ប្រភពខាងលើបន្តថា ការព្យាករកំណើនការងារក្នុងវិស័យសេវាកម្ម បានបង្ហាញពីសន្ទុះមួយគួរឱ្យកត់សម្គាល់ និងមមានកំណើនខ្ពស់ជាងវិស័យកសិកម្ម និងឧស្សាហកម្ម។ ក្នុងនោះអត្រាកំណើនការងារអាចកើនជាមធ្យមក្នុងរង្វង់% ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ គាំទ្រដោយអនុវិស័យស្នាក់នៅ និងភោជនីយដ្ឋាន អប់រំ ហិរញ្ញវត្ថុ និងធានារ៉ាប់រង សុខាភិបាល បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា ដឹកជញ្ចូន ឃ្លាំង និងភស្តុភារ។

ចំណែកឯវិស័យឧស្សាហកម្ម ត្រូវបានគេរំពឹងថានឹងមានការកើនឡើងជាលំដាប់ ដោយអត្រាកំណើនការងារអាចកើនឡើងជា មធ្យមក្នុងរង្វង់ ២,៦% ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ ។

សូមបញ្ជាក់ថា បើយោងតាមរយៈទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញថា គម្រោងវិនិយោគថ្មីដែលបានអនុម័ត (QIPs) បង្ហាញពីសក្តានុពលក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតឱកាសការងារបន្ថែម ដោយកំណើននៃចំនួនគម្រោងវិនិយោគកើនឡើង ៥២.១% ក្នុងឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២ និងអាចផ្តល់ឱកាសការងារបន្ថែមប្រមាណ ២៤០ពាន់កន្លែងក្នុងឆ្នាំ២០២៤ (ចំនួននៃឱកាសការងារ បន្ថែមក្នុងឆ្នាំ២០២៤ គឺផ្អែកលើចំនួនគម្រោងវិនិយោគនៅក្នុងឆ្នាំ២០២៣)៕