អតីតតារាកំប្លែងជើងចាស់ និងជាប្រធានអង្គការ N.A.C.A លោក ស៊ូ សាវ៉ាង ហៅ តា ហ៊្វុយហ្សូ បានថ្លែងឲ្យដឹងថា នៅជុំវិញស្នាក់ការអង្គការរបស់លោក ពោរពេញដោយពំនូកសំរាមជាច្រើនឆ្នាំមកហើយ ដោយសារតែក្រុមហ៊ុន ស៊ីនទ្រីដឹកមកចាក់នៅទីនោះ ធ្វើឲ្យឲ្យមានជិះក្លិនស្អិតពិបាកដកដង្ហើម គួបផ្សំលោកមានជំងឺប្រចាំកាយផងនោះ បានធ្លាក់ខ្លួនឈឺ ហើយក្មេងៗ ក៏មានធ្លាក់ខ្លួនឈឺមួយចំនួនផងដែរ ។ ករណីនេះ លោកបានសរសេរលិខិតទៅសាលាក្រុងឲ្យជួយអន្តរាគមន៍ ប៉ុន្តែហាក់ដូចមិនមានប្រសិទ្ធភាពសោះ។
តាហ៊្វុយហ្សូ ប្រាប់ថា លោកបានដាក់លិខិតជូនទៅសាលាក្រុងជិត១ខែមកហើយ ដើម្បីជួយឲ្យក្រុមហ៊ុនស៊ីនទ្រី ប្រមូលសំរាមចេញពី ដំបន់ជាប់របងផ្ទះលោកចេញ ប៉ុន្តែចំណាត់ការ របស់សាលាក្រុងនៅមិនទាន់ឃើញផលជាផ្លែផ្កាឡើយ។”ម្សិលមិញ ខាងក្រុងខណ្ឌមកជួបខ្ញុំ ថតសំរាមយកទៅ ខ្ញុំពិបាករសនៅពេកខ្ញុំបានស្នើគាត់ ឲ្យជួយនិយាយក្រុមហ៊ុនយាយភូ ជួយទិញផ្ទះខ្ញុំផង ក្នុងតម្លៃទីផ្សារ ហើយគាត់ថា ចាំគាត់ជួយនិយាយទៅក្រុមហ៊ុនឲ្យ ចំពោះរឿងសំរាម គាត់និងរាយការណ៍ទៅថ្នាក់លើឲ្យកាយចេញ តែខ្ញុំដូចអត់សង្ឃឹមទេអារឿងរាយការណ៍នឹង រាប់ឆ្នាំហើយ សំរាមនៅតែដដែល” តា ហ៊្វុយហ្សូ លើកឡើង ។
ផ្ទះរបស់តាម ហ៊្វុយហ្សូមាន ទំហំ ១០ ម៉ែត្រ គុណ ១៣.៤ ម៉ែត្រ តម្លៃដែលលោក ដាក់លក់នោះ ៣៥០០ ដុល្លារ ក្នុង១ការ៉េ លោកថា ប្រសិនបើលោកលក់ផ្ទះនេះ ដាច់តាមតម្លៃទីផ្សារនោះ លោកនិងយកប្រាក់ទៅព្យាបាលជំងឺ របស់លោក នៅឯក្រៅប្រទេស ព្រមទាំង សម្រាប់ទ្រទ្រង់ដល់ ក្មេងៗក្នុងអង្គការ។
អង្គការ NACA របស់តា ហ៊្វុយសូ បានបង្កើតឡើងនៅឆ្នាំ២០០០ ដោយទទួលយកតែកុមារកំព្រា ឬកុមារដែលក្រីក្រគ្មានលទ្ធភាពទៅសាលារៀន ក្នុងចន្លោះពី អាយុ៦ឆ្នាំ រហូតដល់ទៅ១៨ឆ្នាំ ។ អង្គការមួយនេះ មានបង្រៀនសិល្បៈរបាំគ្រប់ប្រភេទ តារាសម្ដែងខារ៉ាអូខេ ពិធីករ បង្រៀនភាសា អង់គ្លេស និង ចំណេះដឹងទូទៅជាដើម។ ស្ថិតនៅប្លុកផ្ទះបាក់បែក បឹងកក់ ក្រោយ ស្ថានទូតបារាំង បច្ចុប្បន្នមានក្មេងៗកំពុងស្នាក់នៅរៀនសូត្រជិត២៧នាក់។ លោក ថ្លែងថា រាក់ថ្ងៃមានជំនួយពីសប្បុរសផ្ដល់ឲ្យដូចកាលមុខឡើយ គឺពឹងផ្អែក ពីការប្រគំតន្ត្រីជាប្រចាំនៅផ្សាររាត្រី។
បញ្ហាក្លិនសំរាមខាងលើដែលកើតឡើងជាច្រើនឆ្នាំមកនេះជារឿយៗតែងប៉ះពាល់សុខភាពក្មេងៗក្នុងអង្គការលោកជាប្រចាំ ហើយបច្ចុប្បន្ននេះ ក្មេងៗបានធ្លាក់ខ្លួនឈឺ៣ទៅ៤នាក់។
ជុំវិញករណីខាងលើនេះគេហទំព័រឧកញ៉ាញូស៏មិនទាន់ទាន់ទងដើម្បី បញ្ជាក់បន្ថែមខាងក្រុមហ៊ុនស៊ីនទ្រី ក៏ដូច ជាសាលារាជធានីភ្នំពេញបានឡើយ។ តា ហ៊្វុយសូ និយាយថា ប្រសិនបើខាងសាលាក្រុង គ្មានចំណាក់ការទៅលើក្រុមហ៊ុនស៊ីនទ្រី ឲ្យប្រមូលសំរាមចេញទៅទេ នោះលោកនឹង ធ្វើលិខិតសុំអន្តរាគមន៍ទៅ សម្ដេចក្រឡាហោម ស ខេង ឲ្យជួយលើ កិច្ចការនេះ៕