តើវិស័យអ្វី ដែលជំពាក់បំណុលនៅគ្រឹះស្ថានធនាគារ ច្រើនជាងគេនៅកម្ពុជា?

សង្គម​ និង​សេដ្ឋកិច្ច

បើយោងតាមធនាគារជាតិនៃកម្ពុជា បានបង្ហាញឲ្យដឹងថា គិតត្រឹមខែតុលា ឆ្នាំ២០២៤ ឥណទានដែលត្រូវបានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចូលទៅក្នុងវិស័យសេដ្ឋកិច្ចគឺមានចំនួន ២៤៧.៦៣១ ប៊ីលានរៀល (ស្មើនឹង ៦០,៩ ប៊ីលានដុល្លារអាមេរិក) កើនឡើងចំនួន២,២% ធៀបនឹងឆ្នាំមុន ខណៈការកើនឡើងនេះ ភាគច្រើនដោយសារកំណើនឥណទានក្នុងវិស័យជួញដូរដុំ និងរាយ សំណង់ អចលនទ្រព្យ កម្មន្តសាល និងវិស័យផ្សេងៗទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានោះ ទិន្នន័យបានបង្ហាញថា វិស័យនៃការជួញដូរដុំ និងរាយ មានចំណែកច្រើនជាងគេបំផុត រហូតដល់ ២៤,៦ % តាមពីក្រោយដោយវិស័យសំណង់មានចំណែក ១១,៨% ហើយវិស័យទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួនមានចំណែក ១១,២% ខណៈវិស័យអចលនទ្រព្យមានចំណែក ១០% ។ ដោយឡែក ឥណទានតាមវិស័យសំខាន់ៗមួយចំនួនទៀត រួមមាន កសិកម្ម(៩,៦%) សេវាកម្ម(៧,៩%) កម្មន្តសាល(៤,២%) អង្គភាពគ្រួសារ​(១,១%) និងវិស័យផ្សេងៗ (១៩,៦%)។

គួរបញ្ជាក់បន្ថែមថា វិស័យសំណង់ទទួលបានកម្ចីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងទំហំទឹកប្រាក់ ២៩.១១៩ ប៊ីលានរៀល ដែលមានកំណើនគួរគត់សម្គាល់រហូតដល់ ៣៣,៣ ភាគរយ ខណៈវិស័យអចលនទ្រព្យ មានទំហំប្រាក់កម្ចី ២៤.៨៦៣ ប៊ីលានរៀល កើន ១៧,៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣៕