ភ្នំពេញ៖ របាយការណ៍ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ សេដ្ឋកិច្ចរបស់កម្ពុជា បានកើនឡើងជាង ៧%ក្នុងមួយឆ្នាំ។ កំណើនដ៏ខ្ពស់នេះ បានធ្វើឱ្យកម្ពុជាចាកចេញពីឋានៈជាប្រទេសក្រីក្រ និងបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០០៤មានប្រមាណ ៥,៣ ពាន់លានដុល្លារអាម៉េរិក ខណៈពេលក្នុងឆ្នាំ២០២២ បានកើន រហូតដល់ ២៩,៦១ ពាន់លានដុល្លារអាម៉េរិក។
ចំណែកការវិនិយោគផ្ទាល់ពីបរទេសបានកើនឡើងពី១១០លានដុល្លារ អាម៉េរិក នៅឆ្នាំ២០០០ រហូតដល់ ៤,៩ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៣ ។ទំហំពាណិជ្ជកម្មរបស់កម្ពុជាមានប្រមាណ ៤,៥ពាន់លានដុល្លារ អាម៉េរិក នៅឆ្នាំ២០០៤ ហើយបានកើនឡើងជាបន្តបន្ទាប់រហូត ដល់ ៤៧,៨៨ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៣ ក្នុងនោះ ការនាំចេញសរុបរបស់កម្ពុជាមាប្រមាណ ២៣,៤៧ពាន់លានដុល្លារអាម៉េរិក។ទំនិញនាំចេញរបស់កម្ពុជាត្រូវធ្វើពិពិធកម្មជាបន្តបន្ទាប់ ដោយបន្ថែមពីលើទំនិញសម្លៀកបំពាក់ ដែលជាទំនិញនាំចេញចម្បង កម្ពុជាបានបង្កើនមុខទំនិញនាំចេញបន្ថែម ដូចជា អង្ករ សម្ភារធ្វើដំណើរនិងកាបូប ស្បែកជើង គ្រឿងអេឡិចត្រូនិក និងភាគបង្គំ និងកង់ ព្រមទាំងផលិតផលជាច្រើនទៀត។
ក្នុងឆ្នាំ២០២៣ ទំហំនាំចេញនៃទំនិញសំខាន់ៗរបស់កម្ពុជា រួមមាន៖សម្លៀកបំពាក់ ៧,៨៦ពាន់លានដុល្លារអាម៉េរិក អង្ករ ១,៧២ពាន់លានដុល្លារអាម៉េរិក សម្ភារធ្វើដំណើរនិងកាបូប១,៦៣ពាន់លានដុល្លារអាម៉េរិក ស្បែកជើងនិងស្រោមជើង១,៣៦ពាន់លានដុល្លារអាម៉េរិក,គ្រឿងអេឡិចត្រូនិកនិងភាគបង្គំ៣,១២ពាន់លានដុល្លារអាម៉េរិកនិងកង់៤៨៩,៦១លានដុល្លារអាម៉េរិក៕