ក្រុមហ៊ុន Evercore Asia បានបង្ហាញការចាប់អារម្មណ៍ពីការរីកចម្រើននៅកម្ពុជា ខណៈក្រុមហ៊ុននេះ ក៏មានបំណងចង់វិនិយោគនៅកម្ពុជា លើវិស័យថាមពលកកើតឡើងវិញផងដែរ។
ការបញ្ជាក់របស់ក្រុមហ៊ុនដូច្នេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក Keith Magnus ប្រធានក្រុមហ៊ុន Evercore Asia នារសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥។
នាឱកាសនោះ លោកប្រធានក្រុមហ៊ុន Evercore Asia បានកោតសរសើរភាពជោគជ័យនៃការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ទន្ទឹមគ្នានេះ លោកបានបង្ហាញអំពីចំណាប់អាម្មណ៍របស់ក្រុមហ៊ុន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគជាមួយកម្ពុជា ដោយផ្តោតលើវិស័យថាមពលកកើតឡើងវិញ វិស័យសុខាភិបាល និងវិស័យទេសចរណ៍ជាដើម។
ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍ចំណាប់អារម្មណ៍ក្រុមហ៊ុន និងគូសបញ្ជាក់ពីការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍវិស័យថាមពលរបស់កម្ពុជា ដោយកម្ពុជាបច្ចុប្បន្នកំពុងប្រើប្រាស់ថាមពលកកើតឡើងវិញចំនួនជាង ៦២% និងបានដាក់គោលដៅឆ្ពោះទៅសម្រេចការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន៧០%នៅឆ្នាំ២០៣០។
ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ពីការដាក់ចេញគោលនយោបាយគាំទ្រដល់វិស័យសុខាភិបាល ដូចជាការពង្រឹងនិងពង្រីកសេវាសុខាភិបាលនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។បន្ថែមពីនេះ សម្ដេច បានបន្តទៀតថា កម្ពុជានៅមានសក្ដានុពលលើវិស័យជាច្រើនទៀត ដែលក្រុមហ៊ុនអាចពិចារណា ដែលរួមមាន ដូចជា៖ វិស័យកសិកម្ម, កម្មន្តសាល, ហិរញ្ញវត្ថុ និងធនាគារ។
ជាថ្មីម្តងទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនខាងលើ ឱ្យបន្តពិភាក្សាជាមួយក្រសួង-ស្ថាប័ន និងជំរុញការភ្ជាប់ទំនាក់ទំនង និងកិច្ចសហការរវាងវិស័យឯកជននៅក្រៅប្រទេស និង វិស័យឯកជននៅកម្ពុជា ដើម្បីសម្រេចបំណងនេះ៕ អត្ថបទ៖ ហ្សាលីន