កម្ពុជា-ឥណ្ឌូណេស៊ី ប្តេជ្ញាខំបង្កើនពាណិជ្ជកម្មអង្ករ ដើម្បីពង្រីកឧស្សាហកម្មអាហារហាឡាល់

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា ​បានបង្ហាញការប្តេជ្ញារួមគ្នា ថា នឹងខិតខំប្រឹងប្រែងក្នុងការជំរុញឱ្យមានកំណើនពាណិជ្ជកម្មអង្ករ ដើម្បីពង្រីកឧស្សាហកម្មអាហារហាឡាល់ទ្វេភាគីកាន់តែខ្លាំងថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមលទ្ធផល ជំនួបពិភាក្សាការងាររវាងលោក លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជា ដែលផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី បានលើកឡើងថា ប្រទេសទាំងពីរ មានឱកាសច្រើនថែមទៀតក្នុងការពង្រីក សហប្រតិបត្តិការក្នុងឧស្សាហកម្មអាហារហាឡាល់ ខណៈពាណិជ្ជកម្មទ្វេភាគី ដែលមានកំណើនទឹកប្រាក់លើសពីមួយប៊ីលានដុល្លារអាមេរិក រួចមកហើយនៅក្នុងឆ្នាំ២០២៣។ ទន្ទឹមគ្នានេះ ភាគីទាំងពីរ ក៏បានប្តេជ្ញា បន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនពាណិជ្ជកម្មអង្កររវាងប្រទេសទាំងពីរផងដែរ។

ក្រៅពីប្តេជ្ញាបង្កើនពាណិជ្ជកម្មអង្ករ កម្ពុជា-ឥណ្ឌូណេស៊ី ក៏សង្កត់ធ្ងន់លើ ភាពចាំបាច់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនបន្ថែម តាមរយៈ៖ ការអប់រំ ទេសចរណ៍ និង ជើងហោះហើរត្រង់បន្ថែមទៀត ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ តាមរយៈកម្មវិធីពង្រឹងសមត្ថភាព និងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនជាដើមថែមទៀត។

សូមបញ្ជាក់ដែរថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤កន្លងទៅនេះ កម្ពុជាបាននាំចេញអង្ករចំនួន ៣៧៩ ៥៤៦ តោនទៅកាន់ទីផ្សារគោលដៅចំនួន ៦៤ ប្រទេស ដោយទទួលបានទឹកប្រាក់ជាង ២៨០លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ របស់សហព័ន្ធស្រូវអង្ករកម្ពុជា កាលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ។

ប្រភពដែល បន្តថា ក្នុងរយៈពេល៧ខែនេះ ការនាំចេញទៅកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ប្រទេសបានបរិមាណ ចំនួន ៧៧ ៩៣៣ តោន ទទួលបានទឹកប្រាក់ចំនួន ៥៣.៥៨ លានដុល្លារសហរដ្ឋអាមេរិក៕ អត្ថបទ៖ ហ្សាលីន